គ្រូនារីភ្នំពេញក្រោនជឿលើកូនក្រុមរបស់ខ្លួនថានឹងធ្វើបានល្អក្នុងការប្រកួតជាមួយកំពង់ឆ្នាំងជើងទីពីរនេះ

January 25, 2019 - 2:32 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

គ្រូបង្វឹកក្រុមនារីភ្នំពេញក្រោនបានបង្ហាញអារម្មណ៍យ៉ាងជឿជាក់លើកូនក្រុមរបស់ខ្លួនថានឹងអាចធ្វើបានល្អ សម្រាប់ការប្រកួតជើងទីពីរជាមួយក្រុមខ្លាំងកំពង់ឆ្នាំង ក្នុងពានរង្វាន់នារីអាយុក្រោម១៩ឆ្នាំនាថ្ងៃអាទិត្យនេះ ។ អ្នកគ្រូបង្វឹក ម៉ៅ សាវីនបានលើកឡើងថា៖​ « ក្រុមនារីខេត្តកំពង់ឆ្នាំងជាក្រុមនារីដែលល្អមួយប្រចាំស្រុកខ្មែរយើង ប៉ុន្តែសម្រាប់ពួកយើងនៅការប្រកួតជើងទីពីរលើទឹកដីគេនេះ ខ្ញុំជឿជាក់ថាកូនក្រុមខ្ញុំធ្វើបានល្អ ហើយលទ្ធផលនោះក៏ខុសគ្នាពីជើងទីមួយដែរ ពោលគឺខ្ញុំចង់ឈ្នះ ឬស្មើរសម្រាប់ការប្រកួតនេះ » ។

លើសពីនេះទៅទៀតគ្រូបង្វឹកនារីរូបនេះបានបន្ថែមថា៖ « ចំពោះក្តីកង្វល់យើងមានបន្តិចបន្តួចនៅពេលដែលប៉ះជាមួយក្រុមខ្លាំងក្រៅដី ប៉ុន្តែយើងធ្លាប់លេងជាមួយគ្នាហើយ យើងនឹងប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យលទ្ធផលមានការប្រែប្រួល » ។

គួររំលឹកផងដែរថាការប្រកួតរវាងក្រុមទាំងពីរកាលពីជើងទីមួយនោះគឺក្រុមនារីអាយុក្រោម១៩ឆ្នាំខេត្តកំពង់ឆ្នាំងបានយកឈ្នះលើក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន ១-៣ នៅកីឡដ្ឋាន RSN ហើយសម្រាប់ការប្រកួតជើងទីពីរនេះគឺត្រូវធ្វើឡើងនៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង នាថ្ងៃអាទិត្យ ទី២៧ វេលាម៉ោង៩:៣០នាទីព្រឹក ៕

មតិយោបល់


អត្ថបទផ្សេងៗ