ព័ត៌មានក្រុម៖ Paulo Victor, កុក បូរីស និងម៉ៅ ពិសិដ្ឋ អវត្តមានក្នុងជំនួបជាមួយ អគ្គិសនីកម្ពុជា

February 15, 2020 - 11:04 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាករ Paulo Victor, កុក បូរីស និងម៉ៅ ពិសិដ្ឋ នឹងត្រូវអវត្តមានការប្រកួតបើកឆាកនៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ទល់នឹងក្លឹបបាល់ទាត់ អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន Smart RSN នាល្ងាចនេះ។

កុក បូរីស បានរងរបួសអំឡុងពេល ភ្នំពេញក្រោន បរាជ័យក្នុងលទ្ធផល ២ទល់១ Kedah FA ក្នុងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់ Smart RSN Cup 2020 ខណៈ Paulo Victor និងម៉ៅ ពិសិដ្ឋបានរងរបួសកជើងអំឡុងការប្រកួតពានរង្វាន់ Leo Pre-season Cup ទល់នឹង Chiangrai United។

ទោះយ៉ាងណាលោក ស៊ុំ វណ្ណា រំពឹងថាអ្នកទាំងបីអាចត្រលប់មកវិញនៅការប្រកួតលីគសប្តាហ៍ទី ២ របស់ ភ្នំពេញក្រោន ជាមួយ យុវជនសាលាបាល់ទាត់ជាតិបាទី នាសប្តាហ៍ក្រោយ។

លោក ស៊ុំ វណ្ណា បានប្រាប់ដូចនេះ៖«ម៉ៅ ពិសិដ្ឋ, កុក បូរីស និងPaulo Victor កំពុងជាសះស្បើយពីរបួសរបស់ពួកគេហើយប្រហែលជា ៧០ ភាគរយ ប៉ុន្តែយើងនឹងមិនប្រថុយប្រើប្រាស់ពួកគេទេ»។

«យើងកំពុងប្រឹងប្រែងជួយពួកគេឲ្យបាន ១០០ ភាគរយ ហើយខ្ញុំគិតថាពួកគេអាចនឹងមានវត្តមានសម្រាប់ការប្រកួតទី ២ ឬទី ៣ របស់យើងនៅក្នុងលីគ»។

«ពិតណាស់! ពួកគេបានចូលរួមការហ្វឹកហាត់របស់ក្រុម ហើយសង្ឃឹមថាពួកគេអាចលេងនៅក្នុងការប្រកួតសំខាន់របស់យើង។ ពួកគេជាកីឡាករសំខាន់ណាស់សម្រាប់ក្រុម។ ជាមួយនឹងស្ថានភាពបច្ចុប្បន្ននេះពួកគេមិនអាចលេងបានទេដោយសារតែរបួស ប៉ុន្តែយើងមានការផ្លាស់ជំនួសខ្លះ»។

«យើងមានកីឡាករបរទេសនៅក្នុងតំបន់ប្រយុទ្ធរបស់យើង និងនៅតែមានកីឡាករ ៣ នាក់សម្រាប់ការប្រកួតនេះ។ ខ្ញុំគិតថាវាមិនមែនជាបញ្ហាធំសម្រាប់យើងទេព្រោះយើងក៏មានក្មេងៗដែលមានទេពកោសល្យផងដែរ»៕

មតិយោបល់


អត្ថបទផ្សេងៗ