សាវែង សំណាង ដាក់គោលដៅសម្រាប់ខ្លួនឯងថាត្រូវយក៣ពិន្ទុសម្រាប់ការប្រកួតជាមួយណាហ្គា

May 3, 2019 - 10:48 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

សម្រាប់ការប្រកួតក្នុងលីគកំពូលកម្ពុជានៅថ្ងៃអាទិត្យនេះ ក្រុមកីឡាករភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន ខ ភ ម (ស្តាតចាស់) ដើម្បីប្រកួតជាមួយក្រុមជើងឯកឆ្នាំមុនណាហ្គាវើលដ៏ នាវេលាម៉ោង៦ល្ងាច ។ កីឡាករសាវែង សំណាង ដែលបានបង្ហាញខ្លួនបានយ៉ាងល្អក្នុងជំនួបមុនជាមួយក្រុមអាស៊ីអឺរ៉ុបមានបំណងប្រាថ្នាមួយក្នុងការប្រកួតនេះដោយកំនត់ថានឹងយក៣ពិន្ទុពីក្រុមម្ចាស់ផ្ទះឲ្យបាន ហើយសង្ឃឹមថាមិត្តរួមក្រុមនឹងធ្វើបានល្អសម្រាប់ការប្រកួតមួយនេះ ។

អ្នកចាំទីវ័យ១៨ឆ្នាំរូបនេះនិយាយថា៖ « ខ្ញុំសប្បាយចិត្តណាស់ដែលបានជួយក្រុមទទួលបាន៣ពិន្ទុសម្រាប់ការប្រកួតសប្តាហ៍មុន ហើយវាក៏ជាការរក្សាសំណាញ់ទីរបស់ខ្ញុំជាលើកដំបូងដែរ (Clean Sheet) ក្នុងចំណោម២ប្រកួតដែលខ្ញុំបានលេងកន្លងមក ។ ការប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុបគឺមិនមែនល្អតែខ្ញុំម្នាក់នោះទេ ពួកយើងធ្វើបានល្អទាំងអស់គ្នា ទាំងការការពារ ការប្រយុទ្ធ និងនៅតំបន់កណ្តាល ហើយខ្ញុំសង្ឃឹមថាការប្រកួតក្រោយនេះយើងនឹងលេងបានល្អបែបនេះដូចគ្នា » ។

គួររំលឹកផងដែរថាឆ្លងកាត់ការប្រកួតចំនួន៥លើក ក្រុមភ្នំពេញក្រោនប្រកួតឈ្នះចំនួនតែ២លើកប៉ុណ្ណោះ ហើយឈរនៅលេខរៀងទី៩បណ្តោះអាសន្ននៃតារាងលីគកំពូលកម្ពុជាឆ្នាំ២០១៩នេះ ។ ទោះបីជាការប្រកួតមុនៗក្រុមមិនសូវទទួលបានលទ្ធផលល្អក្តីក៏អ្នកចាំទីវ័យក្មេងរូបនេះនៅតែមានក្តីរំពឹងទុកខ្ពស់សម្រាប់ការប្រកួតបន្ទាប់ និងភាពរីកចំរើនរបស់ក្រុម ហើយរូបគេបានបន្ថែមថា៖ « ការប្រកួតបន្ទាប់យើងត្រូវប៉ះជាមួយក្រុមដែលធំមួយ ខ្ញុំគិតថាវាជាការប្រកួតមួយដែលពិបាកសម្រាប់យើងព្រោះពួកគេសំបូរទៅដោយកីឡាករដែលមានបទពិសោធន៍ ប៉ុន្តែខ្ញុំនៅតែមានជំនឿចិត្តលើក្រុមរបស់យើងថានឹងអាចធ្វើបានល្អសម្រាប់ការប្រកួតនេះ ។ ពួកយើងត្រូវការ៣ពិន្ទុដើម្បីកុំឲ្យលេងរៀងរបស់យើងឈរនៅឆ្ងាយពីក្រុមខ្លាំងៗផ្សេងទៀតឆ្ងាយពេក ដូច្នេះពួកយើងមិនមានអ្វីក្រៅពីចង់បាន៣ពិន្ទុសម្រាប់ការប្រកួតក្រៅដីនេះនោះទេ ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនទាន់ដឹងថាគ្រូនៅតែបន្តដាក់ខ្ញុំលេងទៀតឬយ៉ាងណានោះទេ ព្រោះអ្វីៗគឺជាការសម្រេចចិត្តរបស់គាត់ ប៉ុន្តែខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់គ្រប់ការប្រកួតទាំងអស់ » ៕

មតិយោបល់


អត្ថបទផ្សេងៗ