ស៊ុំ វណ្ណា៖«យើងនឹងផ្តល់ឱកាសឲ្យកីឡាករមួយចំនួនមិនសូវបានលេងនៅជុំទី១ និងទី២»

August 2, 2019 - 11:35 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លោក ស៊ុំ វណ្ណា គ្រូបង្វឹកបណ្តោះអាសន្ន នឹងត្រូវដឹកនាំក្រុមប្រកួតក្រៅទឹកដីជាមួយក្លិប អាស៊ីអឺរ៉ុបយូណាយធីត ក្នុងសប្តាហ៍ទី១៨ នៃលីគកំពូលកម្ពុជា។

ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន AEU Sport Park វេលាម៉ោង៣និង៣០នាទី រសៀល ស្របពេលលោក វណ្ណា​ បានពោលថាការប្រកួតនេះលោកអាចនឹងផ្តល់ឱកាសអោយកីឡាករមួយចំនួនមិនសូវបានលេងជុំទី១ និងជុំទី២។

«ជាការពិតយើងនឹងផ្តល់ឱកាសឲ្យកីឡាករមួយចំនួនមិនសូវបានលេងនៅជុំទី១ និងទី២ ដើម្បីចូលរួម ដើម្បីពិនិត្យមើលគាត់ តើគាត់អាចនឹងមានសមត្ថភាពស្ថិតនៅជម្រើស១១នាក់ដំបូងរឺយ៉ាងណា ដោយសារយើងនៅសល់៩ប្រកួតទៀត»។សម្តីលោក ស៊ុំ វណ្ណា។

«សប្តាហ៍ទី១៨នេះ យើងនឹងព្យាយាមធ្វើបានល្អជាងប្រកួតមុនដូចជាពេលជួប វិសាខា និងព្រះខ័នរាជស្វាយរៀង ដោយធ្វើប្រសើរឡើងនៅតំបន់ការពារ។ យើងនឹងពង្រឹងបន្ថែមសម្រាប់ការទំនាក់ទំនងគ្នាប្រព័ន្ធការពារ និងបម្រើប្រយុទ្ធ បូករួមជាមួយកត្តាផ្លូវចិត្ត»។

«សម្រាប់ការប្រកួតជាមួយ អាស៊ីអឺរ៉ុបយូណាយធីត ក៏មិនមែនជាប្រកួតធម្មតាដែរ ដោយយកឈ្នះនាក្នុងទឹកដី វិសាខាកន្លងទៅ ខណៈសប្តាហ៍មុនបរាជ័យ គិរីវង់សុខសែនជ័យ ២ទល់០។ ដូច្នេះ អាស៊ីអឺរ៉ុប ជាមួយក្រុមមួយល្អក្នុងចំណោមក្រុមផ្សេងទៀតក្នុងលីគ ដោយរៀបចំបានល្អ»។

«ទោះយ៉ាងណាយើងខំប្រឹងអស់ពីសមត្ថភាពយក៣ពិន្ទុ ដើម្បីរក្សាចំណាត់ថ្នាក់ ស្របពេលក្រុមខ្លាំងនៅលើយើងប៉ះគ្នាបើសិនជាមានក្រុមណាបាត់បង់ពិន្ទុនោះយើងអាចនឹងរំកិលចំណាត់ថ្នាក់»។

ស្របពេល Paulo Victor នឹងអវត្តមានចំនួន១ប្រកួត ក្រោយទទួលបានកាតលឿងចំនួន៣។ «យើងគិតឃើញថាវាមិនអីនោះទេ ដោយសារមានកីឡាករខ្មែរអាចជំនួសបាន»។

មតិយោបល់


អត្ថបទផ្សេងៗ