គ្រូបង្វឹក ស៊ុំ វណ្ណា៖ « ការព្រួយបារម្ភច្រើនគឺដូចដាក់សម្ភាធលើកីឡាករ និងក្រុមការងារ »

July 20, 2019 - 9:10 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិប ភ្នំពេញក្រោន នឹងជួបជាមួយក្លិប វិសាខា នាថ្ងៃអាទិត្យនេះគឺជាប្រកួតក្រៅទឹកដី ក្នុងសប្តាហ៍ទី១៦ នៃលីគកំពូលកម្ពុជា២០១៩។ ជាមួយគ្នានោះលោក ស៊ុំ វណ្ណា ក៏បានបង្ហើបពីចំណាប់អារម្មណ៍មួយចំនួនលើកជំនួបដ៏ធំនេះមកដល់នាថ្ងៃ ២១ កក្កដា ២០១៩​ ក្រោយបរាជ័យកាលពីជុំទី១កន្លងមកដោយលទ្ធផល ៣ទល់១ នៅលើកីឡដ្ឋាន Smart RSN។

ចំណាប់អារម្មណ៍សម្រាប់ការប្រកួតជាមួយក្លិប វិសាខា…

ខ្ញុំគិតថាវាជាការប្រកួតមួយដ៏ធំផ្សេងបន្ទាប់ពីលេងជាមួយ បឹងកេត ហើយវាការប្រកួតមួយល្អ និងគួរអោយចាប់អារម្មណ៍ ដោយសារ វិសាខា មានកីឡាករល្អច្រើនក្នុងក្រុមជម្រើសជាតិ មួយទៀតនោះគឺការប្រមូលផ្តុំរបស់គេបានល្អច្រើនជាងយើង។

ក្រោយផ្លាស់ប្តូរគ្រូបង្វឹកឃើញថាពួកគេនៅតែធ្វើបានល្អទាំងក្នុងលីគ និងពានរង្វាន់សម្តេច ដោយឈ្នះ៤ប្រកួត។ ដូច្នេះវាមិនមែនជារឿងងាយស្រួលនោះទេក្នុងការដណ្តើមយក៣ពិន្ទុក្នុងទឹកដីរបស់គេ។ តែទោះយ៉ាងណាយើងនឹងព្យាយាមប្រើប្រាស់អស់លទ្ធភាពតាមលក្ខណៈបច្ចេកទេស និងយុទ្ធសាស្ត្រ។ ដោយយើងបានដាក់គោលដៅដោយរំពឹងអោយខ្ពស់ ទន្ទឹមហ្នឹងនេះយើងក៏ត្រូវត្រៀមខ្លួនអោយបានល្អ។ ស្របពេលក្លិបទាំង២ មិនទាន់មានគ្រូបង្វឹកនោះទេ គឺគ្រាន់តែជាគ្រូបណ្តោះអាសន្ន។

ការព្រួយបារម្ភ និងកង្វល់ មុនការប្រកួតមកដល់…

យើងអត់សូវមានការព្រួយបារម្ភច្រើននោះទេ ដោយសារការបារម្ភច្រើនគឺដូចដាក់សម្ភាធលើកីឡាករ និងក្រុមការងារ ដូច្នេះយើងត្រូវបើកចិត្តអោយទូលាយ ដោយអោយគាត់លេងតាមអ្វីយើងបានរៀបចំ និងអ្វីដែលគាត់មាន ហើយក៏បើកសេរីភាពគាត់លេងតាមអារម្មណ៍។ បើសិនជាយើងដាក់សម្ពាធខ្លាំង ការអនុវត្តន៍នៅលើទីលាន និងការគិត មិនសូវបានល្អ ដូច្នេះការប្រកួតធំៗគឺខ្ញុំបើកសេរីភាពអោយគាត់លេង ហើយការលេងចាញ់ រឺឈ្នះ ជារឿងធម្មតា ប៉ុន្តែអ្វីដែលសំខាន់គឺ៩០នាទីលើទីលាន ក្រុមណាមានការបង្ហាញបានល្អជាងក្រុមនោះជាអ្នកឈ្នះ។

ស្ថិតិការប្រកួតក្រៅដីចំនួន៣លើកកន្លងមក ឈ្នះ៣ ស្មើ១ និងចាញ់៣ អាចជាស្ថិតិមួយមិនសូវល្អសម្រាប់ការប្រកួតក្រៅដី…

យើងកំពុងព្យាយាមធ្វើអោយបានល្អជាងជុំទី១ ដោយសារពីមុនមកយើងមានការធ្វេសប្រហេស​។​ ទោះបីការប្រកួតក្នុងដី រឺក្រៅដី ក៏ដោយតែងតែមានចន្លោះប្រហោង ប៉ុន្តែបើសិនយើងបានត្រៀមវាអាចនឹងកាត់បន្ថយហានិភ័យ៕

មតិយោបល់


អត្ថបទផ្សេងៗ