លោកគ្រូបង្វឹកស៊ុំម វណ្ណា៖ យើងត្រូវធ្វើការដុសខាត់បន្ថែមទៀតនៅតំបន់ប្រយុទ្ធ ដើម្បីយកឈ្នះការប្រកួតសប្តាហ៍នេះ

May 24, 2019 - 10:07 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

បន្ទាប់ពីក្រុមភ្នំពេញក្រោនមានការខកចិត្តក្រោយការប្រកួតជាមួយក្រុមសូលទីឡូអង្គរកាលពីសប្តាហ៍មុន លោកគ្រូបង្វឹកស៊ុំម វណ្ណា យល់ថាអ្វីដែលក្រុមត្រូវបន្តដុសខាត់បន្ថែមទៀតនោះគឺនៅតំបន់ប្រយុទ្ធ ព្រោះការប្រកួតជាមួយក្រុមសូលទីឡូ ក្រុមរបស់លោកមានការគាបសង្កត់ច្រើន ប៉ុន្តែមិនអាចស្វែងរកគ្រាប់បាល់បានសូម្បីមួយគ្រាប់ ។ សម្រាប់ការប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យនាថ្ងៃអាទិត្យ សប្តាហ៍នេះវិញ លោកគ្រូបង្វឹកបណ្តោះអាសន្នរូបនេះបានយល់ឃើញថា៖ « ចំពោះការរៀបចំរបស់យើងនៅសប្តាហ៍នេះ យើងមិនសូវជាមានការរៀបចំល្អប៉ុន្មាននោះទេ ព្រោះបញ្ហាអាកាសធាតុ ហើយវាជាមូលហេតុដែលធ្វើឲ្យយើងផ្លាស់ប្តូរពេលវេលាហ្វឹកហាត់ញឹកញាប់ ។ ពួកយើងនៅតែផ្តោតលើការសហការគ្នាជាក្រុមដើម្បីធ្វើការបញ្ចប់ទី ព្រោះការពីប្រកួតមុនយើងធ្វើបានល្អ ប៉ុន្តែយើងមានបញ្ហានៅលើការបញ្ចប់ទី » ។

លោកគ្រូដែលមានបទពិសោធន៍នៅលីគកំពូលកម្ពុជារូបនេះបានបន្ថែមទៀតថា៖​ « ចំពោះក្រុមគិរីវង់ជាក្រុមមួយដែលល្អ ពួកគេមានការរៀបចំល្អ កីឡាកររបស់ពួកគេលេងពោរពេញទៅដោយឆន្ទះ ហើយបើយើងមើលទៅលើគ្រូបង្វឹករបស់ពួកគេវិញគឺជាគ្រូបរទេសទៀត និយាយរួមពួកគេមានរបៀបនៃការលេងរបស់ពួកគេមានការរៀបចំបានល្អទាំងការការពារ និងការវាយបកទៅរកគូរប្រកួត ។ សម្រាប់ខ្ញុំលើការប្រកួតនេះ ខ្ញុំចង់ឲ្យកីឡាកររបស់យើងទាំងអស់ព្យាយាមសហការគ្នាបន្ថែមទៀត ទាំងកីឡាករខ្មែរ និងកីឡាករបរទេស ជាពិសេសនៅតំបន់ប្រយុទ្ធ ដើម្បីស្វែងរកគ្រាប់បាល់ក្នុងការប្រកួតនេះ » ។

 

គួររំលឹកផងដែរថាក្រុមភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន Smart RSN របស់ខ្លួនដើម្បីទទួលក្រុមកំពុងឡើងជើងគិរីវង់សុខសែនជ័យនាថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ វេលាម៉ោង៦ល្ងាច ដូច្នេះសូមអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងអស់អញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ៕

មតិយោបល់


អត្ថបទផ្សេងៗ