ស៊ុំ វណ្ណា៖«ខ្ញុំគិតថាការប្រកួតហ្នឹង ជាប្រកួតយើងអាចទទួលជ័យជម្នះបាន»

July 13, 2020 - 11:11 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបញ្ចប់ការប្រកួតសប្តាហ៍ទី៧ ជាមួយលទ្ធផលស្មើគ្នា ១ទល់១ ជាមួយក្លឹបបាល់ទាត់ណាហ្គាវើលដ៍ នៅក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ កាលពីថ្ងៃអាទិត្យ។

អរគុណនៅគ្រាប់បាល់ដ៏លឿននៅដើមការប្រកួតរបស់ Timothy ដោយប្រើរយៈពេលត្រឹមតែ ៣៥វិនាទី ខណៈយើងមានឱកាសច្រើននៅក្នុងប្រអប់ ប៉ុន្តែពុំអាចធ្វើការសម្រេចទីបាន។ ខណៈម្ចាស់ផ្ទះត្រូវរង់ចាំរហូតដល់ ១០នាទីមុនបញ្ចប់ការប្រកួតដើម្បីរកគ្រាប់បាល់តាមស្មើពីកីឡាករ Marcio។

យ៉ាងណានៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតលោក ស៊ុំ វណ្ណា លើកឡើងថា ភ្នំពេញក្រោន សាកសមនឹងទទួលបានជ័យជម្នះដោយសារតែឱកាសដ៏ច្រើនជាងគូប្រកួតនៅក្នុងប្រអប់គ្រោះថ្នាក់។

Image may contain: 1 person

*ចំណាប់អារម្មណ៍ពីការប្រកួតជាមួយ ណាហ្គាវើលដ៍?

សម្រាប់ចំណាប់អារម្មណ៍ខ្ញុំគិតថាក្រុមរបស់យើងធ្វើបានល្អនៅក្នុងទីលាន ដែលយើងធ្លាប់បាននិយាយថាក្រុមដែលមានឱកាសនឹងទទួលបានជ័យជម្នះ ប៉ុន្តែបើក្រុមណាធ្វេសប្រហេសនឹងបរាជ័យ។ យើងឃើញថាក្នុងរយៈពេល ៩០នាទីឱកាសរបស់ក្រុមទាំងពីរមានទៅមានមក ប៉ុន្តែបរិមាណនៃឱកាសគ្រោះថ្នាក់បំផុតគឺយើងមានច្រើនជាង។ យើងគិតថាអ្វីដែលរៀបចំដាក់ឲ្យកីឡាករ គឺពួកគាត់ធ្វើបានល្អច្រើន និងអ្វីយើងធ្វេសប្រហេសមួយនោះគឺការរបូតគ្រាប់បាល់ធ្វើឲ្យការប្រកួតបញ្ចប់ទៅស្មើគ្នា។

*យើងបានបាត់បង់ ៦ពិន្ទុ ពីការស្មើចំនួន ៣លើកជាមួយក្រុមខ្លាំងអ្វីទៅលោកគ្រូគិតថាក្រុមត្រូវកែតម្រូវបន្តទៀត?

ឃើញថា ៣ប្រកួតលេងជាមួយក្លឹបធំៗ គេក៏ចង់ឈ្នះយើងហើយយើងក៏ចង់ឈ្នះគេដូចគ្នា។ ឃើញថាយើងបានបាត់បង់ ៦ពិន្ទុដែលជារឿងមួយសោកស្តាយមែនទែន ប៉ុន្តែអ្វីយើងគួរពង្រឹងបន្ថែមគឺគុណភាពក្រុមនៅពេលដែលប្រយុទ្ធ និងពេលការពារ និងទឹកចិត្តកីឡាករ ហើយយើងត្រូវប្រឹងបន្ថែម និងកីឡាករត្រូវលេងឲ្យអស់ពីអ្វីដែលខ្លួនមាន។

*យើងធ្វើបានល្អដោយពុំមានការរបូតគ្រាប់បាល់ចំនួន ៥ប្រកួតជាប់គ្នា ប៉ុន្តែបែជាមករបូតគ្រាប់បាល់នៅ ២ប្រកួតចុងក្រោយអ្វីទៅជាបញ្ហានៅក្នុងការពារនាពេលនេះ?

៥ប្រកួតដែលយើងលេងកន្លងមកមានការប្រមូលផ្តុំ និងរៀបចំបានល្អ កីឡាករក៏មានឆន្ទៈខ្ពស់ ប៉ុន្តែនៅពេលមានការរាតត្បាតវីរុស COVID-19 កីឡាករមួយចំនួនមានការប្រែច្រើន ដូច្នេះយើងត្រូវពង្រឹងបន្ថែម និងឃើញថាយើងមានបញ្ហាច្រើនមែនទែននៅតំបន់ការពារ។

*តើក្រុមសាកសកនឹងទទួលជ័យជម្នះ រឺយ៉ាងណាដោយសារតែខកខានឧកាសទាត់បញ្ចូលទីនៅក្នុងប្រអប់?

ខ្ញុំគិតថាការប្រកួតហ្នឹង ជាប្រកួតយើងអាចទទួលជ័យជម្នះបាន។ យើងធ្វើការបានច្រើននៅក្នុងប្រអប់ជាងណាហ្គា ដោយមិនសូវជាមួយឱកាសនៅក្នុងប្រអប់។ យើងមានឱកាសក្នុងប្រអប់ ប៉ុន្តែយើងមិនអាចរកគ្រាប់បាល់បាននេះគឺជាកំហុសខ្វះខាតនៅពេលយើងលេងជាមួយ ណាហ្គាវើលដ៍ និងយកទៅកែប្រែពេលលេងជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ។

មតិយោបល់


អត្ថបទផ្សេងៗ