លោកគ្រូស៊ុំ វណ្ណា៖ « ពួកយើងតែងតែសំលឹងមើលទៅមុខ និងព្យាយាមជានិច្ចដើម្បីធ្វើឲ្យក្រុមកាន់តែខ្លាំងបន្ថែមទៀត … »

March 2, 2020 - 9:29 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លោកគ្រូបង្វឹកក្រុមឈុតធំភ្នំពេញក្រោន ស៊ុំ វណ្ណាបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនមួយចំនួនក្រោយពីប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុប ជាមួយនឹងជ័យជម្នះយ៉ាងត្រចះត្រចង់៦ទល់០ ក្នុងដីរបស់ខ្លួនយ៉ាងដូច្នេះថា៖ « ទម្រង់លេងពីមួយប្រកួតទៅមួយប្រកួតក្រុមរបស់យើងកាន់តែមានភាពប្រសើរជាងមុន ដោយឡែកការប្រកួតទីបីនេះគឺពួកយើងមានបញ្ហាក្នុងការបញ្ចប់ទីនៅវគ្គទីមួយ ហើយយើងបានកែតម្រូវភ្លាមៗនៅវគ្គទីពីរនិងពិតជាទទួលបានលទ្ធផលជោគជ័យមែន ។ »

លោកគ្រូបានបន្ថែមទៀតថា៖ « ចំពោះការឈ្នះក្រុមដែលមានសមត្ថភាពប្រហែលយើង និងនៅក្រោមយើងនេះ វាធ្វើឲ្យក្រុមយើងមានទឹកចិត្តបន្ថែមទៀតក្នុងការប្រកួតជាមួយព្រះខ័នរាជស្វាយរៀង ដែលពួកគេកំពុងតែធ្វើបានល្អដូចគ្នាចំពោះការប្រកួតទាំងក្នុងដីនិងក្រៅដីដូចគ្នា ។ មួយវិញទៀតប្រសិនបើយើងលេងល្អនៅពេលប៉ះជាមួយព្រះខ័នរាជស្វាយរៀង ខ្ញុំគិតថាវាអាចជាឱកាសមួយសម្រាប់ក្រុមយើងក្នុងការប្រជែងពានរង្វាន់ ដូច្នេះយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ។ ពួកយើងតែងតែសំលឹងមើលទៅមុខ និងព្យាយាមជានិច្ចដើម្បីធ្វើឲ្យក្រុមកាន់តែខ្លាំងបន្ថែមទៀត ព្រោះជ័យជម្នះនាពេលកន្លងមកនេះធ្វើឲ្យក្រុមកាន់តែមានទឹកចិត្តខ្លាំងជាងមុន ។ »

សូមបញ្ជាក់ផងដែរថាឆ្លងកាត់ការប្រកួតចំនួនបីលើករបស់ភ្នំពេញក្រោននារដូវកាលឆ្នាំ២០២០នេះ ក្រុមភ្នំពេញក្រោនទទួលបាន៩ពិន្ទុពេញ ពោលគឺឈ្នះទាំងបីប្រកួតដែលធ្វើឲ្យក្រុមភ្នំពេញក្រោនឈរលើកំពូលតារាងជាបណ្តោះអាសន្ន ៕

មតិយោបល់


អត្ថបទផ្សេងៗ