Smart RSN Cup៖ «យើងនឹងព្យាយាមធ្វើឲ្យបានល្អសម្រាប់ក្រុម និងជាការវាស់ស្ទង់សមត្ថភាព»

January 13, 2020 - 11:30 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបើកឆាកការប្រកួតពានរង្វាន់ Smart RSN Cup កាលពីថ្ងៃសុក្រកន្លងទៅដោយយកឈ្នះក្លឹបមានមូលដ្ឋាននៅខេត្តសៀមរាប អង្គរថាយហ្គឺរ ដោយលទ្ធផល២ទល់១។

ការប្រកួតបញ្ចប់ទៅដោយមានការទាត់បញ្ចូលទីពីសំណាក់កីឡាករ Paulo Victor និងជួន ចាន់ចាវ ស្របពេលសមាសភាពកីឡាករលេងត្រូវបានផ្លាស់ប្តូរមួយចំនួនដែលត្រូវបានគ្រូបង្វឹកបណ្តោះអាសន្នរបស់យើងលោក ស៊ុំ វណ្ណា ហៅថាជាការផ្តល់ពេលវេលាសម្រាប់លេង និងវាស់ស្ទង់សមត្ថភាព។

យ៉ាងណាយើងឃើញកីឡាករនាំចូលថ្មីមួយចំនួនដូចជា Omogba, Timothy, Nieto, Ideguchi និង បុរីស បានបង្ហាញខ្លួនជាមួយក្រុម លើកលែងតែអ្នកចាំទី អ៊ុំ វិចិត្រ ត្រូវបានគ្រូបង្វឹកបញ្ជាក់ថានឹងត្រៀមសម្រាប់ការប្រកួតជាមួយ Kedah FA។

«យើងនឹងព្យាយាមនឹងធ្វើបានល្អដោយសារនៅក្នុងទឹកដីរបស់យើង។ ទោះជាជួបក្រុមណាក៏ដោយក្នុងដីរបស់យើងត្រូវតែហ៊ានលេង ព្រោះតែជាការប្រកួតសាមញ្ញ។ ទោះជាលេងជាមួយ Kedah FA ដែលមានចំណាត់ថ្នាក់ក្នុងការលេងវគ្គជម្រុះ AFC Champions League ក៏យើងនៅតែបន្តពង្រឹង ដោយសារយើងលេងនៅក្នុងទឹកដីរបស់យើងកីឡដ្ឋាន Smart RSN មិនមែនទឹកដីរបស់ Kedah នោះទេ។ អញ្ចឹងបើលេងក្នុងទឹកដីរបស់យើងគឺនឹងព្យាយាមធ្វើឲ្យបានល្អសម្រាប់ក្រុម និងជាការវាស់ស្ទង់សមត្ថភាព ទោះបីជាចាញរឺឈ្នះដោយជាការចាំបាច់ក្នុងពង្រឹងសម្រាប់ត្រៀមរដូវកាលថ្មីនឹងមកដល់នាពេលខាងមុខនេះ»។

«ធាតុពិតយើងដឹងពីកម្រិតនៃការលេងរបស់ អង្គរថាយហ្គឺរ រួចទៅហើយ។ ដូច្នេះយើងក៏សម្រេចចិត្តដាក់អ្នកចាំទី(សាវែង សំណាង និងគង់ ចាន់វុទ្ធី) ដែលធ្លាប់លេងជាមួយរួចមកហើយ។ សម្រាប់ អ៊ុំ វិចិត្រ និងឈិន ឆៃនុត នឹងត្រៀមសម្រាប់លេងជាមួយ Kedah FA»។

មតិយោបល់


អត្ថបទផ្សេងៗ