ស៊ុំ វណ្ណា ជ័យជម្នះលើកក្រុមអគ្គិសនីកម្ពុជាវាបង្ហាញពីការសហការគ្នាជាក្រុមបានល្អ

June 16, 2019 - 9:38 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ជ័យជម្នះលើក្រុមអគ្គសនីកម្ពុជាកាលពីម្សិលមិញគឺជាការឈ្នះដ៏ល្អមួយសម្រាប់ការប្រកួត១១លើកនៅលីគកំពូលកម្ពុជាឆ្នាំ២០១៩នេះ ពោលគឺក្រុមភ្នំពេញក្រោនរកបាន៥គ្រាប់ក្នុងជំនួបក្រៅដីនេះ ។ លោកគ្រូបង្វឹកស៊ុំ វណ្ណា បានយល់ថាជ័យជម្នះនេះគឺវាបានមកពីការរួមសហការគ្នាធ្វើការជាក្រុមទាំងថ្នាក់ដឹកនាំ បុគ្គលិក ក៏ដូចជាក្រុមកីឡាករទាំងអស់គ្នានាពេលកន្លងមកនេះ ។ លោកគ្រូដែលមានវ័យ៣៨ឆ្នាំរូបនេះបាននិយាយថា៖ « ជាដំបូងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិក និងជាពិសេសទៅក្រុមកីឡាកររបស់យើង ព្រោះអ្វីដែលយើងឃើញនៅថ្ងៃនេះគឺវាបង្ហាញអំពីគុណភាព និងការគ្រប់គ្រងបាល់របស់ក្រុមកីឡាករ ដោយផ្តោតលើតំបន់ប្រយុទ្ធ ។ ខ្ញុំមានជំនឿចិត្តខ្លាំងទៅលើកីឡាករក្មេងៗរបស់យើង ដែលព្យាយាមអភិវឌ្ឍន៍ខ្លួន ដើម្បីទទួលបាលលទ្ធផលល្អនៅថ្ងៃនេះ ថ្វីត្បិតតែដើមរដូវកាលយើងធ្វើមិនបានល្អពិតមែន ព្រោះវាអាចបណ្តាលមកពីកម្លាំងទឹកចិត្តនៅក្នុងក្រុមទាំងមូល » ។

ជុំវិញនិងការផ្តល់ឱកាសឲ្យកីឡាករ២រូបគឺកីឡាករ លឹម ពិសុទ្ធ និងសេត រ៉ូហ្សាក់ ចូលលេងក្នុងការប្រកួតនេះគ្រូបង្វឹករូបនេះបានបញ្ជាក់ថា៖ « ពួកគេជាធនធានល្អមួយសម្រាប់ក្រុម យើងព្យាយាមផ្តល់ឱកាសដល់កីឡាករទាំងអស់ដើម្បីបានលេង ។ ពិសុទ្ធជាកីឡាកររបស់ក្រុមឈុតធំ ប៉ុន្តែគេមានភារៈកិច្ចជាមួយនិងក្រុមថ្នាលអាយុក្រោម១៨ឆ្នាំរបស់យើង ហើយជាគេក៏តែងតែមកធ្វើការហ្វឹកហាត់ជាមួយយើងផងដែរ ដូច្នេះយើងក៏សម្រេចដាក់គេចូលលេងសម្រាប់ការប្រកួតនេះ ហើយជាក់ស្តែងគេរកគ្រាប់បានតែម្តង សរុបមកពិសុទ្ធ និងរ៉ូហ្សាក់ជាកីឡាករល្អដែលយើងនិងត្រៀមដាក់ពួកគេក្នុងពានរង្វាន់សម្តេច » ។

សូមបញ្ជាក់ថាការប្រកួតរវាងក្រុមភ្នំពេញក្រោនជាមួយក្រុមអគ្គិសនីកម្ពុជាបានបញ្ចប់ទៅជាមួយនឹងលទ្ធផល៥-០ អ្នកទាត់បញ្ចូលទីទាំង៥រូបនោះរួមមាន៖ កីឡាករ Paulo Victor កីឡាករ អ៊ុក សុធី កីឡាករ លឹម ពិសុទ្ធ កីឡាករ សេត រ៉ូហ្សាក់ និងមានមួយគ្រាប់គឺជាការទាត់ចូលទីដោយខ្លួនឯងពីក្រុមអគ្គិសនីកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ