លោកគ្រូស៊ុំ វណ្ណា និយាយពីការត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជានៅថ្ងៃស្អែក

June 14, 2019 - 9:44 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្នុងជំនួបជាមួយក្រុមអគ្គិសនីកម្ពុជាស្អែកនេះ លោកគ្រូបង្វឹកស៊ុំ វណ្ណាបានបញ្ជាក់ថាយើងត្រូវតែប្រឹងប្រែងយ៉ាងណាដណ្តើមយក៣ពិន្ទុឲ្យបានពីក្រុមម្ចាស់ផ្ទះ ព្រោះយើងបានខកខានយក៣ពិន្ទុពីក្រុមសូលទីឡូនៅខេត្តសៀមរាប ដែលជារឿងមួយគួរឲ្យសោកស្តាយសម្រាប់ក្រុម ។ គ្រូបង្វឹកបណ្តោះអាសន្នរូបនេះបាននិយាយថា៖ « សម្រាប់ការប្រកួតជាមួយក្រុម EDC យើងមិនត្រូវធ្វើឲ្យភ្លាត់ដូចការប្រកួតជាមួយក្រុមសូលទីឡូនោះទេ យើងត្រូវធ្វើយ៉ាងណាដើម្បីបាន៣ពិន្ទុពីការប្រកួតនេះ ដោយព្យាយាមរុញតារាងចំណាត់ថ្នាក់របស់ក្រុមឡើងទៅលើបន្តទៀត » ។

ទោះបីជាយ៉ាងណាក៏ដោយក៏លោកគ្រូយល់ឃើញថាក្រុមអគ្គិសនីជាក្រុមមួយដែលមានកីឡាករខ្មែរល្អៗ ហើយពួកគេលេងដោយមានឆន្ទះល្អ ដូច្នេះសម្រាប់ការប្រកួតថ្ងៃស្អែកនេះ ក្រុមភ្នំពេញក្រោនមិនអាចមើលស្រាលក្រុមដែលមានកីឡាករខ្មែរសុទ្ធមួយនេះបានទេ ។ លោកគ្រូបានបន្ថែមទៀតថា៖​ « អ្វីដែលយើងលេងក្នុងពេលកន្លងមកគឺនៅតែមានភាពខ្វះខាត យើងត្រូវតែព្យាយាមឲ្យបានខ្លាំងដើម្បីទទួលបានលទ្ធផលល្អ ពិសេសគឺនៅតំបន់ប្រយុទ្ធ ព្រោះពួកគាត់មិនទាន់យល់ច្បាស់នៅលក្ខណផ្សេងៗដូចជាពេលណាដែលក្រុមត្រូវប្រយុទ្ធ ពេលណាដែលយើងត្រូវរក្សាបាល់លេង » ។

សូមបញ្ជាក់ថាការប្រកួតរវាងក្រុមភ្នំពេញក្រោននិងក្រុមអគ្គិសនីកម្ពុជាគឺធ្វើឡើងនៅកីឡដ្ឋានអគ្គិសនីកម្ពុជា នាថ្ងៃស្អែកវេលាម៉ោង៣:៣០ ដូច្នេះអ្នកគាំទ្រទាំងអស់អាចអញ្ជើញទៅចូលរួមទស្សនាដើម្បីជាការលើកទឹកចិត្តដល់ក្រុមភ្នំពេញក្រោនទាំងអស់គ្នា ៕

មតិយោបល់


អត្ថបទផ្សេងៗ