ស៊ុំ វណ្ណា៖«ចំណុចទាំងអស់នេះដូចជាការចាប់ផ្តើម និងរៀបចំសម្រាប់រដូវកាលថ្មី»

October 20, 2019 - 8:00 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ភ្នំពេញក្រោន បានយកឈ្នះ អគ្គិសនីកម្ពុជា ជាមួយលទ្ធផលដ៏ត្រចះត្រចង់ ៧ទល់០ ក្នុងសប្តាហ៍ទី២៤ នៃលីគកំពូលកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងទៅ។

Paulo Victor និង Dzarma Bata ធ្វើបានម្នាក់២គ្រាប់ Mustafa Zazai, Shane Booysen និងយឿ ម៉ូស្លីម បង្គ្រប់គ្រាប់បាល់ទាំង៧ សម្រាប់ជ័យជម្នះនៅលើកីឡដ្ឋាន Smart RSN។

ជាមួយលទ្ធផលល្អបែបនេះលោក ស៊ុំ វណ្ណា គ្រូបង្វឹកបណ្តោះអាសន្នបានថ្លែងប្រាប់ថាអ្វីៗដូចជាការចាប់ផ្តើម និងរៀបចំសម្រាប់រដូវកាលថ្មី។

«ចំណុចទាំងអស់នេះដូចជាការចាប់ផ្តើម និងរៀបចំសម្រាប់រដូវកាលថ្មី ថាតើយើងធ្វើយ៉ាងម៉េចដើម្បីឲ្យក្រុមមានភាពល្អប្រសើរនារដូវកាលក្រោយ»។

«ចំពោះចំនួនគ្រាប់បាល់យើងមិនរំពឹងខ្ពស់នោះទេ អ្វីដែលយើងរំពឹងគឺ៣ពិន្ទុឲ្យបានក្នុងសប្តាហ៍នេះ។ ចំពោះទម្រង់លេងយើងបានព្យាយាមធ្វើការពន្យល់បែងចែកផ្សេងគ្នាអំឡុងពេលម៉ោងសម្រាកដើម្បីឲ្យពួកគាត់យល់លេងជាមួយគ្នាបាន។ ទាក់ទងជាមួយទម្រង់លេងរបស់ អគ្គិសនីកម្ពុជា ដោយពូកគេលេងការពារជាក្រុមនៅខាងលើប្រអប់គ្រោះថ្នាក់។ ជួនកាលពួកគេចុះការពារដល់ទៅ៩នាក់ និងសល់ម្នាក់ទុកវាយបក។ ចឹងគួរលេងយ៉ាងម៉េចនៅពេលជួបស្ថានការណ៍បែបនេះដោយកីឡាករទាំងអស់បានយល់ និងធ្វើបានល្អ»។

«ការបាត់គ្រាប់បាល់នៅមុខទីជារឿងធម្មតា ដោយពឹងផ្អែកលើជំហរ ថេរវេលា ជំហររបស់គូប្រកួត រយៈចម្ងាយ និងការសម្រេចចិត្ត។ ប្រសិនរឿងទាំងអស់នេះមិនសមស្របរួមជាមួយការបញ្ជូនបាល់បច្ចេកទេស នឹងធ្វើឲ្យយើងបរាជ័យ។ នៅវគ្គទី២យើងឃើញថា Bata មានឱកាសច្រើន និងអាចរកគ្រាប់បាល់បាន៥ទៅ៦គ្រាប់ ប៉ុន្តែលក្ខខណ្ឌនៃការបញ្ចប់ទីរបស់គាត់មិនបានល្អ ដោយអាចមកពីការតាំងអារម្មណ៍ និងសម្រេចចិត្តរបស់គាត់»។

«ចំពោះការលេងរបស់យើងគឹកំណត់លេងបាល់ខ្លី នៅពេលមានឱកាសយើងចាប់ផ្តើមដូរខាងលេងរហូត ព្រោះយើងមិនអាចលេងមុខទីគូប្រកួតបានដោយសារពួកគាត់ការពារច្រើន»។

លោក ស៊ុំ វណ្ណា បានពន្យល់ពីកត្តាកីឡាករបរទេសអាចរកគ្រាប់បាល់៦ ក្នុងចំណោម៧គ្រាប់ ក្នុងការយកឈ្នះ អគ្គិសនី ខណៈ ម៉ូស្លីម ជាកីឡាករខ្មែរតែម្នាក់គត់អាចរកគ្រាប់បាល់បាន។

«ដោយសារតែនៅតំបន់ប្រយុទ្ធ យើងដាក់បរទេសស្ទើរទាំងអស់លើកលែងតែ ធីវ៉ា។ ដូច្នេះជាហេតុផលគ្រាប់បាល់ទាំងអស់ភាគច្រើនកីឡាករបរទេសជាអ្នកទាត់បញ្ចូលទី»។

 

មតិយោបល់


អត្ថបទផ្សេងៗ