«រឿងប្រវត្តិទុកមួយឡែក» សម្តីរបស់លោក ស៊ុំ វណ្ណា មុនជំនួបជាមួយ វិសាខា

July 3, 2020 - 4:40 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតជាមួយ ក្លឹបបាល់ទាត់វិសាខា នៅក្នុងសប្តាហ៍ទី៦ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នៅលើទីកដីនៃកីឡដ្ឋាន Smart RSN។

ការប្រកួតនឹងធ្វើឡើងវេលាម៉ោង ៦ល្ងាច ថ្ងៃអាទិត្យនេះ ខណៈលោក ស៊ុំ វណ្ណា គ្រូបង្វឹករបស់ ភ្នំពេញក្រោន ដែលជាក្រុមត្រូវការពិន្ទុដើម្បីរក្សាចំណាត់ថ្នាក់នៅកំពូលតារាង បញ្ជាក់យ៉ាងច្បាស់ថា «រឿងប្រវត្តិទុកមួយឡែក»។

«ដូចខ្ញុំបាននិយាយថានៅក្នុងទឹកដីរបស់យើងគឺត្រូវតែធ្វើឲ្យបានតែម្តង រឿងប្រវត្តិទុកមួយឡែក។ ដូចថាម្ចាស់ផ្ទះមុន និងម្ចាស់ផ្ទះក្រោយខុសគ្នា បើសិនណាផ្ទះហ្នឹងគេលក់ហើយ ម្ចាស់ផ្ទះក្រោយទៅ គឺត្រូវប្តូរសោរ ដើម្បីកុំឲ្យមានប្រវត្តិជាន់ដាន»។

ខាងក្រោមនេះគឺពាក្យសម្តីគ្រប់ម៉ាត់របស់លោក ស៊ុំ វណ្ណា ក្នុងសន្និសិតសារព័ត៌មានមុនការប្រកួត៖

*ចំណាប់អារម្មណ៍មុនការប្រកួតលើកដំបូងដែលជាការចាប់ផ្តើមឡើងវិញ ក្រោយពីការផ្អាកដោយសារ COVID-19…

យើងគិតថាបន្ទាប់ពីយើងធ្វើបានល្អក្នុង៥សប្តាហ៍កន្លងមក និងប្រឈមមុខបញ្ហា COVID-19 និងក៏មានពេកសម្រាកចន្លោះពេលនោះ និងប្រមូលផ្តុំឡើងវិញ។ មកដល់ពេលនេះកីឡាកររបស់យើងមួយចំនួនធំបានត្រៀមខ្លួនរួចរាល់ និងសល់មួយចំនួនតូចទៀតដើម្បីរៀបចំបន្ថែម ចន្លោះខ្វះខាតឲ្យពួកគាត់មានស្មារតីទទួលខុសត្រូវក្នុងការលេងសម្រាប់សប្តាហ៍ដែលយើងជួប វិសាខា ក្នុងទឹកដីរបស់យើងតែម្តង។

ហើយអ្វីជាចំណាប់អារម្មណ៍យើងគឺការលេងក្នុងទឹកដីមិនថាក្រុមមកពីណា និងស្ថានភាពបែបណាយើងនឹងសង្ឃឹមទទួលបានលទ្ធផលល្អក្នុងសប្តាហ៍ទី ៦ ដើម្បីរំកិល រឺរក្សាខ្លួនឲ្យនៅក្នុងចំណាត់ថ្នាក់ល្អ រឺក៏បើសិនយើងធ្វើបានល្អមកទែនគឺនៅតែបន្តនៅចំណាត់ថ្នាក់លេខ ១។ យើងឃើញថាសប្តាហ៍បន្ទាប់ទៀតយើងនឹងជួបក្រុមផ្សេងមួយទៀត ដែលជាក្រុមខ្លាំងដែរ។ ទោះយ៉ាងណាក៏មកដល់ពេលនេះយើងដើរមួយជំហ៊ានគិតមួយជំហ៊ានឲ្យកីឡាកររបស់យើងលេងជាក្រុម និងមានវិន័យក្នុងការលេងក្រៅពីការសហការគ្នា​ កម្លាំងកាយ និងកម្លាំងចិត្ត គឺយើងត្រៀមទាំងអស់ឲ្យពួកគាត់លេងបានល្អ។

*លោកគ្រូគិតថាក្រុមត្រៀមខ្លួនរូចរាល់សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះ…

យើងបានត្រៀមយូរមកដែរហើយ ដូច្នឹងកីឡាករមួយចំនួនតូចនៅមានបញ្ហារបួស និងកីឡាករមួយចំនួនបានត្រៀមខ្លួនរួចហើយ។ យើងបានរៀបចំល្អអស់ហើយ និងមានការរៀបចំបន្ថែមទៀតនៅថ្ងៃនេះ និងថ្ងៃស្អែក។ យើងមើលពីស្ថានភាពការសម្រាក និងការញាំថាយ៉ាងម៉េចហើយ បូករួមទឹកចិត្តដោយយើងនឹងជំរុញបន្ថែមស្មារតីរឹងមាំ។

*លោកគ្រូគិតយ៉ាងណាសម្រាប់គូប្រកួតក្លឹប វិសាខា…

មកដល់ពេលនេះយើងគិតថាក្រុមណាក៏ជាក្រុមខ្លាំង។ នៅក្នុងមិត្តហ្វូនខេមបូឌានលីគ ក្រុមទាំង ១៣ដែលប៉ះជាមួយ ភ្នំពេញក្រោន សុទ្ធតែជាក្រុមខ្លាំង។ ដោយពួកគាត់មកលេងជាមួយយើង ១០០ភាគរយតែម្តង មិនថាជាក្រុមតូច រឺក្រុមធំ បានន័យថាទោះបីជាក្រុមប្រភេទណាក៏ដោយ គឺយើងទទួលស្វាគមន៍។ យើងគិតថាការរៀបចំរបស់ក្រុមទាំងពីរ នៅថ្ងៃទី ៥ ខែ កក្កដា គឺប្រហាក់ប្រហែលគ្នា ទាំងរចនាសម្ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធ កីឡាករ និងធនធានមនុស្ស តាំងពីអ្វីដែលយើងមាន។ យើងត្រូវគិតថាកាលណាគេរៀបចំល្អ យើងកីត្រូវរៀបចំល្អ បើសិនគេស្រេកឃ្លានការឈ្នះ យើងក៏ស្រេកឃ្លានការឈ្នះដូចគ្នា។ ដូចខ្ញុំបាននិយាយថានៅក្នុងទឹកដីរបស់យើងគឺត្រូវតែធ្វើឲ្យបានតែម្តង រឿងប្រវត្តិទុកមួយឡែក។ ដូចថាម្ចាស់ផ្ទះមុន និងម្ចាស់ផ្ទះក្រោយខុសគ្នា បើសិនណាផ្ទះហ្នឹងគេលក់ហើយ ម្ចាស់ផ្ទះក្រោយទៅ គឺត្រូវប្តូរសោរ ដើម្បីកុំឲ្យមានប្រវត្តិជាន់ដាន។ ទោះយ៉ាងណាត្រូវធ្វើឲ្យល្អប្រសើរដើម្បីទី១ គឺកេត្តិនាមក្នុងការរក្សាចំណាត់ថ្នាក់លេខ ១ និងទី២ ដើម្បីពង្រឹង និងពង្រីកស្មារតីរបស់កីឡាករយើងដើម្បីលត់ដំការអភិវឌ្ឍន៍ខ្លួននៅក្នុង MCL រហូតដល់ចប់ជុំទី១។

*ជុំវិញបញ្ហាកីឡាករដែលរងរបួស…

បញ្ហាកីឡាកររបួស គឺមានប្រហែល ៣០ ទៅ​ ៤០ ភាគរយ។ មានន័យថាមកដល់ពេលនេះទឹកចិត្តពួកគាត់មាន ៧០ភាគរយសម្រាប់ការលេង និងសង្ឃឹមថាអាចជួយក្រុមវិញបាន។

*ការប្រកួតឡើងវិញជាមួយបរិយាកាសថ្មីដោយពុំមានអ្នកទស្សនាចូលរួម តើកីឡាករបានរៀបចំសម្រាបខ្លួនបែបណា

និយាយរួមកីឡាករត្រូវចេះបត់បែនគ្រប់កាលៈទេសៈ និងក្រុមការងារបានរៀបចំការប្រកួតមិត្តភាពដោយលេងបិទទ្វារ ប្រហាក់ប្រហែលទៅហ្នឹងការប្រកួតផ្លូវការ។ សម្រាប់ការ ៥ និង៦លើកកន្លងមកយើងមើលឃើញថាវាអត់សូវមានអ្វីខុសប្លែកគ្នានោះទេ គ្រាន់ថាទាក់ទងជាមួយអ្នកគាំទ្រលើការលើកទឹកចិត្ត ដល់ពេលពុំមានទស្សនិកជនមកគាំទ្រចង្វាក់នៃការលេងអាចខ្លាំង ដោយប្រមូលអារម្មណ៍លេងល្អហើយខ្លាំងទៀត។ នៅពេលមានអ្នកគាំទ្រច្រើន ការរំជួលចិត្តអាចមានឡើងចុះ ពេលខ្លះខ្លាំង។

*មានអ្វីនិយាយទៅកាន់អ្នកគាំទ្រដែលពុំអាចចូលរួមដោយផ្ទាល់…

ខ្ញុំគិតថានេះជាសិល្បៈ មិនថានៅប្រទេសយើង រឺប្រទេសគេ។ ដូចជានៅអេស្ប៉ាញរវាងជាអ្នកគាំទ្រ Barcelona និង Real Madrid ពេលដែលប៉ះគ្នាពួកគាត់ឈរនិយាយជាមួយគ្នាកន្លះម៉ោង រឺមួយម៉ោងថាទៅថាមក ប៉ុន្តែអត់មានឈ្លោះគ្នាទេ។ ដោយគេគោរពលើក្រមសីលធម៌វិជ្ជាជីវៈ បើយើងស្រលាញ់ក្រុមណាហើយ យើងគាំទ្រក្រុមហ្នឹងទៅដោយតាមសីលធម៌របស់ប្រជាពលរដ្ឋ ដូចជាអ្នកគាំទ្រ។ តែយើងកុំតែនិយាយបរិហារ ប៉ះពាល់ទៅដល់សតិអារម្មណ៍ រឺគុណតម្លៃរបស់អ្នកគាំទ្រ និងក្លិប ព្រោះក្លិបនីមួយៗធ្វើលើគោលការណ៍វិជ្ជមាន ដោយអភិវឌ្ឍន៍យុវជនទៅកាន់ក្រុមជម្រើសជាតិ។ អ្នកគាំទ្រពេលខ្លះ Troll គ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែធ្វើយ៉ាងម៉េចកុំឲ្យប៉ះពាល់ខ្លាំង ព្រោះពួកយើងស្រលាញ់ទាំងអស់គ្នា។

*ការប្តេជ្ញាចិត្តរបស់លោកគ្រូ និងការមើលឃើញលើការប្តេជ្ញារបស់កីឡាករ…

យើងត្រូវតែធ្វើឲ្យបានល្អ គ្រប់កាលៈទេសៈណាក៏ដោយនៅក្នុងទឹកដីរបស់យើង។ ដូចកាលពីលេងជាមួយក្រុមធំៗ កាលពីជើងទី២ នៃរដូវកាល២០១៩ យើងត្រូវតែលេងឲ្យល្អជូនម្ចាស់ក្លិប និងអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន។ ចំពោះកីឡាករវិញយើងឃើញថាស្មារតីរបស់ពួកគេកំពុងពុះកញ្ច្រោល ដោយសារតែចង្វាក់នៃការលេងនៅក្នុងលីគឃ្លាតឆ្ងាយ ដូច្នេះកីឡាករស្រេកឃ្លានការប្រកួត និងអ្វីពូកគាត់ធ្វើបានល្អ និងក្រុមធ្វើបានល្អដើម្បីបន្តរក្សាតំណែងរហូតដល់បញ្ចប់ជុំទី១ រឺជុំទី២៕

មតិយោបល់


អត្ថបទផ្សេងៗ