ស៊ុំ វណ្ណា៖ « យើងត្រូវតែមានការរៀបចំឲ្យបានល្អទាំងតំបន់ការពារ និងតំបន់ប្រយុទ្ធសម្រាប់ការប្រកួតថ្ងៃអាទិត្យនេះ »

May 10, 2019 - 2:01 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លោកគ្រូស៊ុំ វណ្ណាដែលត្រូវបានថ្នាក់ដឹកនាំក្លឹបបាល់ទាត់ភ្នំពេញក្រោនសម្រេចតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នកាលពីថ្ងៃអង្គារនេះ ជំនួសលោក Leonardo បានយល់ថាចំពោះការប្រកួតជាមួយក្រុមប៉ូលីសនាថ្ងៃអាទិត្យនេះ យើងត្រូវតែរៀបចំឲ្យបានល្អបំផុតព្រោះក្រុមពួកគេជាក្រុមមួយដែលមានបទពិសោធន៍ល្អនៅក្នុងលីគកំពូលកម្ពុជា ។ ក្រោយធ្វើការហ្វឹកហាត់ជាមួយក្រុមនៅថ្ងៃទីពីរលោកគ្រូបង្វឹកបណ្តោះអាសន្នរូបនេះបាននិយាយថា៖ « ពួកយើងត្រូវតែមានការរៀបចំឲ្យបានល្អអ្នកការការពារ និងការប្រយុទ្ធ ព្រោះក្រុមប៉ូលីសជាក្រុមមួយដែលមានការត្រៀមខ្លួនល្អមួយសម្រាប់ការប្រកួតនេះ ។ មួយវិញទៀតដូចយើងដឹងស្រាប់ហើយថាអ្នកដែលដឹកនាំក្រុមប៉ូលីសឥឡូវនេះគឺគាត់ជារៀមច្បង និងមានបទពិសោធន៍ខ្លាំងលើវិស័យបាល់ទាត់ទាំងការប្រកួតក្នុងស្រុកនិងការប្រកួតអន្តរជាតិ ដូច្នេះយើងត្រូវតែមានការប្រុងប្រយត្ន័ជុំវិញនឹងការផ្លាស់ប្តូរស្ថានភាពលេងនៅលើទីលានរបស់ពួកគេ » ។

អតីតគ្រូជំនួយក្រុមរូបនេះបានបន្ថែមទៀតថា៖​ « បើយើងនិយាយអំពីកីឡាកររបស់ពួកគេវិញក៏ជាកីឡាករដែលមានបទពិសោធន៍ និងមានទេពកោសល្យ ហើយអ្នកខ្លាំងក៏ធ្លាប់លេងឲ្យក្រុមជម្រើសជាតិផងដែរ ដូច្នេះយើងត្រូវតែលេងដោយមានការប្រុងប្រយត្ន័ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងត្រូវតែដណ្តើមយក៣ពិន្ទុឲ្យបានសម្រាប់ការប្រកួតក្នុងដីនេះ » ។

សូមបញ្ជាក់ផងដែរថាលោកគ្រូ ស៊ុំ វណ្ណាត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមឈុតធំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្រោយពេលការចាកចេញរបស់លោក Leonardo Vitorino កាលពីថ្ងៃអង្គារកន្លងមកនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ