មតិលោកគ្រូស៊ុំ វណ្ណា ជុំវិញកីឡាករ ៥រូបដែលជាប់ជម្រើសជាតិត្រៀមប្រកួតថ្ងៃនេះ

June 6, 2019 - 11:17 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយកីឡាករ៥រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនត្រូវបានគ្រូជម្រើសជាតិកម្ពុជាកោះហៅឲ្យចូលរួមដើម្បីធ្វើការប្រកួតជាមួយក្រុមបាគីស្ថាន នៅថ្ងៃនេះ លោកគ្រូបង្វឹកបណ្តោះអាសន្នរបស់យើងបានយល់ថាវាជាសញ្ញាល្អមួយសម្រាប់ពួកគេដែលមានសមត្ថភាពក្នុងការបង្ហាញខ្លួននេះ ។ លោកគ្រូស៊ុំ វណ្ណាបាននិយាយថា៖ « វាគឺជាឱកាសមួយសម្រាប់ពួកគេទាំង៥នាក់ ក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួន ហើយពួកគេក៏បានជួបគ្នាជាមួយកីឡាករល្អៗក្នុងលីគកំពូលយើងឆ្នាំ២០១៩នេះដូចគ្នា » ។

ជុំវិញនឹងការរៀបចំក្រុមដើម្បីប្រកួតជាមួយក្រុមបាគីស្ថាន សម្រាប់ការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 1 នៅថ្ងៃនេះវិញលោកគ្រូបានយល់ឃើញថា៖ « ពេលវាលាហាក់ដូចជាខ្លីពេកសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ហើយខ្ញុំគិតថាវាជារឿងលំបាកមួយសម្រាប់យើងក្នុងការប្រជែងជាមួយក្រុមបាគីស្ថាន ព្រោះយើងមិនអាចប្រៀបធៀបបច្ចេកទេស និងគុណភាពកីឡាកររបស់យើងជាមួយនឹងពួកគេបានទេ ពួកគេមានកីឡាករមួយចំនួនមានបទពិសោធន៍នៅអឺរ៉ុប ទាំងការរៀបចំនិងកម្រិតរបស់ពួកគេគឺបានល្អជាងយើង តែទោះបីជាយ៉ាងណាខ្ញុំសូមជូនពរពួកគេឲ្យខំប្រឹង និងទទួលបានលទ្ធផលនៅល្ងាចនេះ » ។

សូមបញ្ជាក់ផងដែរថាកីឡាករទាំង៥រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលចូលរួមជាមួយក្រុមគោព្រៃកម្ពុជាដើម្បីត្រៀមប្រកួតជាមួយក្រុមបាគីស្ថាននាល្ងាចនេះរួមមានកីឡាករ៖ អ៊ន ចាន់ប៉ូលីន ម៉ៅ ពិសិដ្ឋ សឿត បារាំង យ៊ើ សាហ្វី និងអ្នកចាំទី សាវែង សំណាង ៕

មតិយោបល់


អត្ថបទផ្សេងៗ