លោក ស៊ុំ វណ្ណា និយាយអំពីជ័យជម្នះលើក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ និងការបង្ហាញរបស់ សេង សារ៉ាវុធ និង Mustafa Zazai

August 19, 2019 - 11:43 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ភ្នំពេញក្រោន បានយកឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល៣ទល់២ នៅកីឡដ្ឋាន EDC កាលពីម្សិលមិញ ។ Dzarma Bata ជាអ្នកនាំមុខឱ្យ ភ្នំពេញក្រោន នៅនាទីទី ២៥ ខណៈ ៥ នាទីក្រោយមក Souza Matheus  បានរកគ្រាប់បាល់តាមស្មើវិញសម្រាប់ក្រុមម្ចាស់ផ្ទះ ។ ការទាត់បាល់ពិន័យ free kick យ៉ាងល្អរបស់ Mustafa Zazai ជួយឲ្យ ភ្នំពេញក្រោន នាំមុខម្តងទៀតមុនពេល យឿ មូស្លីម បន្ថែមការនាំមុខ ដល់ទៅ ៣-១ ប៉ុន្តែ Souza Matheus បានរកគ្រាប់បាល់ទី ២ របស់ខ្លួនពីការទាត់បាល់ពិន័យ១១ម៉ែត្រដើម្បីកាត់បន្ថយគម្លាត ខណៈក្រុមភ្ញៀវទទួលជ័យជម្នះ ៣ទល់២ ។

បន្ទាប់ពីទទួលបានជ័យជម្នះនេះលោក ស៊ុំ វណ្ណា បានកោតសរសើរដល់ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះភាពប្រសើរឡើងរបស់ពួកគេទាំងក្នុងការការពារ និងការវាយបក ប៉ុន្តែលោកក៏បានលើកឡើងនូវការព្រួយបារម្ភលើការការពាររបស់ក្រុមលោកផងដែរ ។

ចំណាប់អារម្មណ៍សម្រាប់ការប្រកួត…

សម្រាប់ការប្រកួតថ្ងៃនេះជាមួយការរៀបចំរបស់យើងរយៈពេលមួយសប្តាហ៍គឺធ្វើបានល្អ ប៉ុន្តែជាក់ស្តែងយើងឃើញថាគូប្រកួតរៀបចំបានល្អច្រើនជាងជុំទី១ ទាំងការពារជាក្រុម ទាំងការពារវាយបក ។ សម្រាប់ប្រកួតមួយនេះក៏យើងមិនបានចាត់ទុកជាការប្រកួតងាយស្រួលដែរ ដោយវាលំបាកសម្រាប់យើងដោយសារតែប៉ុន្មានប្រកួតមកនេះយើងធ្វើមិនបានល្អទាំងក្នុងលីគ និងពានរង្វាន់សម្តេច ។

ឃើញថាការប្រកួតមានការប្រុងប្រយ័ត្នច្រើន…

ដោយសារយើងឃើញថាក្រុមគូប្រកួតធ្វើបានល្អច្រើនដូចជាកីឡាករ Matthew Osa គាត់តែងតែរកគ្រាប់បាល់បានជារឿយៗ ។ យើងព្យាយាមប្រយ័ត្ននៅតំបន់កណ្តាល ប៉ុន្តែទីបំផុតយើងនៅតែរបូតគ្រាប់បាល់ ។

ចំណុចគួរកែតម្រូវនៅក្នងក្រុម…

ការប្រកួតរបស់យើងគឺល្អ ប៉ុន្តែយើងត្រូវធ្វើឱ្យប្រសើរឡើងចំពោះខ្សែបម្រើ និងការពារ ក្រុមយើងនៅតែមានកំហុសជុំវិញការការពារ និងអ្នកចាំទី ។ វាមិនចំណាយពេលយូរដើម្បីដោះស្រាយបញ្ហាទាំងអស់នេះទេ ប្រសិនបើកីឡាកររបស់យើងខិតខំប្រឹងប្រែង និងផ្តោតអារម្មណ៍បានច្រើនក្នុងពេលហ្វឹកហាត់ ។

អាកាសធាតុក្តៅអំឡុងពេលការប្រកួត…

ទីលាន និងអាកាសធាតុ មិនមែនជាបញ្ហាសម្រាប់ក្រុមទាំងពីរនោះទេ ប៉ុន្តែទាក់ទងនឹងចិត្តគំនិតក្នុងអំឡុងពេលប្រកួត ។ ប្រសិនបើយើងព្យាយាមការពារបន្ទាប់ពីយើងទាត់បញ្ចូលទី ហាក់ដូចជាយើងផ្តល់ឱកាសដល់គូប្រជែងក្នុងការរកគ្រាប់បាល់ ។

ការបង្ហាញទម្រង់លេងរបស់ សេង សារ៉ាវុធ…

គាត់ធ្វើបានល្អ និងធ្វើតាមអ្វីយើងចង់ឳ្យគាត់ធ្វើតាមគម្រោង ប៉ុន្តែគាត់ត្រូវការពេលបន្ថែមទៀតដើម្បីស្វែងយល់ពីទម្រង់លេងរបស់ក្រុម ។ ខ្ញុំគិតថាគាត់ត្រូវការពេលច្រើនដើម្បីទទួលបានបានបទពិសោធន៍ ហើយពិតណាស់គាត់នឹងមានការអភិវឌ្ឍន៍មួយដ៏ប្រសើរឡើង ។

ការបង្ហាញទម្រង់លេងរបស់ Mustafa Zazai…

Zazai គាត់ធ្វើបានច្រើនដោយសារយល់ពីស្ថានភាពនៃការប្រកួត គាត់គឺជាកីឡាករម្នាក់ដែលឆ្លាត ហើយគាត់ធ្វើបានល្អទៅតាមអ្វីយើងប្រាប់គាត់ ព្រោះមុនការប្រកួតយើងបានជួបនិយាយជាមួយគាត់ផ្ទាល់ ។

ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល…

ខ្ញុំមិនហា៊នថាយ៉ាងម៉េចដែរ សម្រាប់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ខណៈគ្រូៗជាច្រើនក៏បានឃើញករណីបែបនេះកើតឡើង ។ នេះគ្រាន់តែជាសារមួយប៉ុណ្ណោះ លីគរបស់យើងនាពេលនេះមានការប្រកួតប្រជែងខ្លាំង ដោយត្រូវការអភិវឌ្ឍន៍សមត្ថភាពអាជ្ញាកណ្តាល ហើយយើងទាំងអស់គ្នាក៏អភិវឌ្ឍន៍រួមគ្នា ៕

មតិយោបល់


អត្ថបទផ្សេងៗ