ពាក្យសម្តីគ្រប់ម៉ាត់របស់លោក ស៊ុំ វណ្ណា ក្រោយដណ្តើមជ័យជម្នះ១ទល់០ លើ អង្គរថាយហ្គឺរ
March 16, 2020 - 9:31 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានធ្វើការប្រកួតយើងស្វិតស្វាញដើម្បីដណ្តើមបានជ័យជម្នះ ១ទល់០ ពីក្លឹបបាល់ទាត់អង្គរថាយហ្គឺរ នៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃអាទិត្យ និងបន្តឈរកំពូលតារាងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាលនេះ ដោយពុំទាន់បរាជ័យក្នុង៥ប្រកួតកន្លងមក។
គ្រាប់បាល់របស់ Paulo Victor នៅវគ្គទី២បានជួយឲ្យ ភ្នំពេញក្រោន នៅតែបន្តឈរកំពូលតារាងលីគកំពូលកម្ពុជា បន្ទាប់ចាប់ផ្តើមបាន៥សប្តាហ៍។
ជាមួយនូវជ័យជម្នះ១ទល់០ លើក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ក្លឹបបាល់ទាត់ភ្នំពេញក្រោន នៅតែពុំទាន់របូតគ្រាប់បាល់ក្នុងការប្រកួត៥លើកជាប់គ្នា ប៉ុន្តែលោក ស៊ុំ វណ្ណា ជាគ្រូបង្វឹក បានលើកឡើងថាប្រព័ន្ធការពាររបស់ក្រុមមិនទាន់ល្អនៅឡើយ។
*ចំណាប់អារម្មណ៍សម្រាប់ការប្រកួតដ៏តានតឹងនេះ…
យើងដឹងហើយថា អង្គរថាយហ្គឺរ ជាក្រុមមួយដែលល្អ ស្ថិតនៅក្នុង Top 5 កាលពីរដូវកាលមុនដែរ។ ការរៀបចំរបស់ពួកគេក៏ល្អ ហើយយើងដឹងតាំងពីមុនថាវាមិនមែនជាការងាយក្នុងការដណ្តើមជោគជ័យ។ យើងឃើញស្រាប់ក្រុមទាំងពីរមានឱកាសទៅវិញទៅមករហូត ពូកគេក៏មានឱកាស យើងក៏មានឱកាស ប៉ុន្តែទីបញ្ចប់យើងមានឱកាសច្បាស់មួយជាមូយ Paulo។
*លោកគ្រូពេញចិត្តនឹងការបង្ហាញទម្រង់លេងសម្រាប់តំបន់ការពារ រឺនៅ ក្រោយ៥ប្រកួតពុំទាន់មានការរបូតគ្រាប់បាល់…
និយាយរួម គឺចាប់តាំងផ្តើមរដូវកាលមកប្រព័ន្ធការពាររបស់យើងគឺមិនទាន់ល្អប៉ុន្មានទេ ដែលអាចនិយាយបានថាត្រឹម៨០ភាគរយ។ ដូច្នេះយើងបានសម្រេចផ្លាស់ប្តូរកីឡាករមួយចំនួនដើម្បីលេង និងបានយល់ពីប្រព័ន្ធការពាររបស់យើង។
*ការផ្លាស់ប្តូរ ធីវ៉ា បន្ទាប់ពីទើបតែបានប្តូរចូល…
នេះគឺជាប្រព័ន្ធរបស់ក្រុម ព្រោះយើងបាននិយាយរួចហើយថា ធីវ៉ា ចូលទៅបានត្រឹមរយៈពេលខ្លី ព្រោះយើងឃើញថានាវគ្គទី២ បើសិនជាគូប្រកួតចាញ់ពួកគេនឹងលេងការពារ៣នាក់ ហើយយើងប្រើប្រាស់ ធីវ៉ា ដើម្បីរកគ្រាប់បាល់ បន្ទាប់មកយើងនឹងផ្លាស់ប្តូរ ពិសុទ្ធ។
*ការមិនមាន Omogba នៅក្នុងបញ្ជីប្រកួតរបស់ក្រុម…
រូបគេ (Omogba) មានបញ្ហារបួសកំភ្លៅ។ យើងអត់ហ៊ានបង្ខំប្រើប្រាស់គាត់ មានតែឲ្យរូបគេស្តារកាយនិតិសម្បទា និងរង់ចាំសម្រាប់ការប្រកួតបន្ទាប់នាថ្ងៃទី ៥ ខែមេសា។
*ចំណុចខ្វះខាតសម្រាប់ការប្រកួតនាថ្ងៃនេះ…
ទាក់ទងជាមួយចរន្តនៃការរៀបចំ និងប្រព័ន្ធលេង កីឡាករមិនទាន់យល់ច្បាស់ត្រឹមត្រូវ។ យើងឃើញថាពីមួយប្រកួតទៅមួយប្រកួតមានការខ្វះខាត ហើយយើងក៏បានធ្វើការជួសជុល និងបំពេញបន្ថែមសម្រាប់ចំណុចទាំងអស់នោះ។
*ប្រព័ន្ធប្រយុទ្ធមិនសូវមានភាពមុតស្រួចនៅប៉ុន្មានប្រកួតចុងក្រោយ…
យើងមានបញ្ហាតំបន់កណ្តាលបន្តិច ដោយយើងនឹងកែប្រែតំបន់បម្រើ ដើម្បីឲ្យប្រព័ន្ធប្រយុទ្ធយើងមានគ្រាប់បាល់វិញ។