លោក ស៊ុំ វណ្ណា មិនពេញចិត្តលទ្ធផលឈ្នះ កំពង់ចាម ១៧ទល់២

July 1, 2019 - 1:30 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិប ភ្នំពេញក្រោន បានយកឈ្នះ ខេត្តកំពង់ចាម ដោយលទ្ធផល ១៧ទល់២ ក្នុងសប្តាហ៍ទី ១៣ បញ្ចប់ជើងទី១ នៃលីគកំពូលកម្ពុជា រដូវកាល២០១៩។

ជាមួយគ្នានោះលោក ស៊ុំ វណ្ណា គ្រូបង្វឹកក្លិប​ ភ្នំពេញក្រោន ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ដោយមិនសូវពេញចិត្តជាមួយការរបូតគ្រាប់បាល់ដល់ទៅ២គ្រាប់ជាមួយក្រុមស្ថិតនៅបាតតារាង។

ចំំណាប់អារម្មណ៍ជ័យជម្នះជាមួយ ខេត្តកំពង់ចាម ជាមួយលទ្ធផល ១៧ទល់២…

តាមពិតទៅយើងដឹងលទ្ធផលខ្លះហើយគ្រាន់តែថាយើងមិនរំពឹងថាយើងអាចឈ្នះដល់ទៅ១៧គ្រាប់ ដោយសារទី១ ដោយសារគាត់ប៉ះយើងម្តងហើយនៅពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (HUN SEN Cup) មួយទៀតនោះគឺបញ្ហាសម្រួលកម្លាំងមកវិញអត់គ្រប់គ្រាន់ធ្វើឱ្យពួកគាត់មិនអាចលេងជាមួយយើងពេញការប្រកួត។ ទី២នោះគឺ គាត់ធ្វើដំណើរពីផ្លូវឆ្ងាយ ដោយការប្រកួតនេះមិនមែនជាទឹកដីរបស់គាត់ (​កីឡដ្ឋាន ស្តាតចាស់)។

សម្រាប់ការលេងរបស់យើងវិញគឺដូចនៅ HUN SEN Cup ដោយប្រយ័ត្ននៅវគ្គទី១ ប៉ុន្តែយើងបង្កកំហុសឱ្យមានបាល់ពិន័យ១១ម៉ែត្រ សម្រាប់វគ្គទី២គឺនៅបន្តយុទ្ធសាស្ត្រដដែល។

សម្រាប់ការរបូត២គ្រាប់ជាមួយខេត្តកំពង់ចាម…

ទាក់ទងជាមួយការរបូតគ្រាប់បាល់ថ្ងៃនេះគឺការវាយតម្លៃគូប្រកួតទាបជាងខ្លួនឯង មើលងាយគូប្រកួត កាលណាមើលងាយគូប្រកួតបែបនេះគឺទម្លាក់ខ្លួនឯងឲ្យទៅកម្រិតគូប្រកួតដែរ។  ការឲ្យកម្រិតគាត់ទាប យើងក៏ទាបដែរ នេះជាការធ្វេសប្រហែស បានន័យថាចង់រំលោភខ្លាំងពេកមិនលេងខ្លាំងជាមួយបាល់ ដល់ពេលលេងខ្លាំងជាមួយមនុស្សវាតែងតែប៉ះពាល់។ គ្រាប់ទី១ គឺការំលោភបំពានលើគូប្រកួត និងគ្រាប់ទី២ កើតចេញពីការធ្វេសប្រហែស។

តើមិនពេញចិត្តជាមួយការរបូតគ្រាប់បាល់ទាំង២រឺយ៉ាងណា…

យើងអត់ពេញចិត្តដោយសារក្រុមមួយនេះស្ថិតនៅបាតតារាង ចំណែកលទ្ធភាពនៃការទាត់បញ្ចូលទីសម្រាប់ក្រុមយើងគឺពួកគាត់អត់មានទេ ប៉ុន្តែដោយសារការធ្វេសប្រហែស៕

មតិយោបល់


អត្ថបទផ្សេងៗ