ស៊ុំ វណ្ណា ជុំវិញជ័យជម្នះលើក្រុមក្រសួងការពារជាតិកាលពីយប់មិញ

August 29, 2019 - 12:15 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមភ្នំពេញក្រោនបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក្រោយយកឈ្នះក្រុមក្រសួងការពារជាតិដោយបាល់កាច់សេចក្តី១១ម៉ែត្រកាលពីយប់មិញនេះ ។ ឆ្លងកាត់ការប្រកួតចំនួន២លើកជាមួយក្រុមក្រសួងការពារជាតិដោយជើងទីមួយក្រុមភ្នំពេញក្រោនបានចាញ់ជាមួយលទ្ធផល១-០ ហើយជើងទីពីរនេះក្រុមភ្នំពេញក្រោនបានយកឈ្នះជាមួយនឹងលទ្ធផល២-១ នៅដីរបស់ខ្លួន រួចក៏បន្តឈានដល់វគ្គបាល់កាត់សេចក្តី១១ម៉ែត្រ ដោយក្រុមម្ចាស់ផ្ទះបានទាត់ចូល៥គ្រាប់ទល់នឹង៤គ្រាប់ ។

ក្រោយចប់ការប្រកួតលោកគ្រូស៊ុំ វណ្ណាបាននិយាយថា៖ « ក្រសួងការពារជាតិជាក្រុមមួយដែលមានគុណភាពនៃការលេងស្រដៀងយើងទាំងការការពារ និងការវាយបក ដូច្នេះយើងមានការរៀបចំប្រហាក់ប្រហែលពួកគេដែរ ពោលគឺយើងគឺមិនសូវមានភាពប្រែប្រួលនៃការលេងកាលពីជើងទីមួយនោះទេ ។ សម្រាប់ការប្រកួតនេះក្រុមរបស់យើងបានបង្កើតឱកាសច្រើន ប៉ុន្តែការបញ្ចប់ទីរបស់យើងមិនបានល្អ ហើយនេះជាអ្វីដែលយើងត្រូវតែពង្រឹងបន្ថែមទៀត យើងបានរបូតគ្រាប់បាល់ ហើយវាក៏ជាកំហុសរបស់យើងដែលបណ្តោយឲ្យគូប្រកួតលេងក្នុងប្រអប់ដោយស្រូលផងដែរ » ។

ចំពោះការទាត់បាល់១១ម៉ែត្រលោកគ្រូបានបញ្ជាក់ថា៖ « សម្រាប់ការជ្រើសរើសគឺមានការពិភាក្សាគ្នារវាងខ្ញុំ អ្នកចាត់ការទូទៅក្រុម និងអ្នកចាត់ការទូទៅក្លឹប ខ្ញុំអាចនិយាយបានថាពួកគាត់ទាំងពីរនៅជាមួយក្រុមកីឡាករយូរជាងខ្ញុំ ដូច្នេះគាត់អាចយល់ច្បាស់ពីស្ថានភាពនិងអារម្មណ៍របស់កីឡាករម្នាក់ៗ ហើយជាលទ្ធផលគឺក្រុមកីឡាកររបស់យើងធ្វើបានល្អមែន » ។

សូមបញ្ជាក់ថាសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន គឺនៅសល់ក្រុមចំនួនបួនដែលក្នុងនោះរួមមាន៖ ក្រុមព្រះខ័នរាជស្វាយរៀង ក្រុមវិសាខា ក្រុមបឹងកេត និងក្រុមភ្នំពេញក្រោន ៕

មតិយោបល់


អត្ថបទផ្សេងៗ