លោក ស៊ុំ វណ្ណា ជុំវិញការត្រៀមរបស់ក្រុមសម្រាប់រដូវកាលថ្មី
January 31, 2020 - 1:07 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានធ្វើការរៀបចំខ្លូនដោយមានទាំងការប្រកួតមិត្តភាពជាមួយក្រុមក្នុងស្រុក និងក្រៅស្រុក សម្រាប់ជាការត្រៀមលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោហ៊ុន សែន សម្រាប់រដូវកាលថ្មីឆ្នាំ២០២០។
ក្នុងនោះលីគកំពូលកម្ពុជា នឹងត្រូវចាប់ផ្តើមនារយៈពេល២សប្តាហ៍ដ៏ខ្លីខាងមុខនេះ។ ការប្រកួតបើកឆាករបស់ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវជួប ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០។
ជាមួយគ្នានោះដែរលោក ស៊ុំ វណ្ណា ជាគ្រូបង្វឹកក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញនៅមតិខ្លះសម្រាប់ការត្រៀមមុនរដូវកាលថ្មីមកដល់។
«២សប្តាហ៍ទៀតដែលនៅសល់គឺយើងបានត្រៀមខ្លួនរួចរាល់ហើយ។ ដោយមានទាំងការប្រកួតមិត្តភាពជាមួយក្រុមក្នុងស្រុក និងក្រុមអន្តរជាតិ Kedah FA និង Chaingrai United ដែលយើងគិតថាអាចទទួលបានលទ្ធផលល្អ ប៉ុន្តែជាក់ស្តែងស្ថានភាពប្រកួតយើងមានកីឡាកររបួស២នាក់ Paulo Victor និង ម៉ៅ ពិសិដ្ឋ បានបន្ថយភាពមុតស្រួចនៅតំបន់ខាងលើ»។
«ចំពោះការប្រកួតមិត្តភាពជាតិ និងអន្តរជាតិ ធ្វើឲ្យក្លឹបបាល់ទាត់ភ្នំពេញក្រោន ថ្នាក់ដឹកនាំ និងក្រុមការងារ ជាពិសេសកីឡាករវ័យក្មេងរបស់យើងមានភាពបត់បែនលឿនមែនទែននូវអ្វីយើងដាក់អោយពួកគាត់ទាំងក្នុង និងក្រៅទីលាន ខ្ញុំសូមកោតសរសើរមែនទែន»។
«៧០ភាគរយ ដែលពួកគាត់បានសម្របសម្រួលទាំងកម្លាំងកាយ និងកម្លាំងចិត្ត និងប្រព័ន្ធលេងផ្សេងៗដែលយើងបានបន្ថែមថ្មី ២០ ទៅ ៣០ ភាគរយ»។
«បទពិសោធន៍ពីការប្រកួតមិត្តភាពអន្តរជាតិកន្លងមក យើងឃើញថាការរៀបចំរបស់យើងបានល្អប្រសើរ ការបង្ហាញរបស់កីឡាករល្អប្រសើរ ប៉ុន្តែអ្វីយើងត្រូវរឹតបន្តឹងបន្ថែមទៀតនោះគឺការរៀបចំរបស់ក្រុមការងារបច្ចេកទេសល្អប្រសើរជាងនេះទៀត ដើម្បីបម្រើដល់កីឡាករឲ្យមានភាពជឿជាក់មកលើយើង និងកីឡាករខ្លួនឯងផ្ទាល់»។
«វាជាការល្អប្រសើរសម្រាប់ការវាស់ស្ទង់សមត្ថភាពប្រកួតទាក់ទងជាមួយការប្រកួតមិត្តភាព Kedah FA និង Chaingrai United យើងឃើញថាកីឡាកររបស់យើងធ្វើបានល្អច្រើន៧០ភាគរយ មុនពេលលីគចាប់ផ្តើម»៕