លោក ស៊ុំ វណ្ណា និយាយពីការប្រកួត និងការតវ៉ាជាមួយអាជ្ញាកណ្តាលក្នុងការប្រកួតចុងក្រោយម្សិលមិញ

October 26, 2020 - 8:43 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតលីគកំពូលកម្ពុជាឆ្នាំ២០២០បានបញ្ចប់ទៅដោយការប្រកួតយប់មិញនេះគឺជាការប្រកួតចុងក្រោយរវាងក្រុមភ្នំពេញក្រោន និងបឹងកេត ហើយការប្រកួត The Cambodian Classic Match នេះបានបញ្ចប់ជាមួយលទ្ធផល ១-១ ដោយលទ្ធផលបែបនេះសមល្មមនឹងអាចឲ្យក្រុមបឹងកេតគ្រងតំណែងជើងឯកលីគឆ្នាំ២០២០ ។

ក្រោយចប់ការប្រកួតលោក ស៊ុំ វណ្ណាបាននិយាយពីការប្រកួតនៅចំនុនមួយចំនួនដូចខាងក្រោមនេះ៖

« ការប្រកួតចុងក្រោយ MCL យើងត្រូវការការលេងដែលល្អ និងឈ្នះការប្រកួតនេះដើម្បីបញ្ជាក់ថាក្រុមរបស់យើងជាក្រុមដែលល្អមួយនៅក្នុងលីគឆ្នាំ២០២០ យើងត្រូវតែបង្កើតប្រវត្តិសាស្ត្រល្អនៅក្នុងទីលានរបស់យើង » ។

ចំពោះទម្រង់លេងរបស់កីឡាករលោកគ្រូបាននិយាយថា៖ « កីឡាកររបស់យើងបានបង្ហាញទម្រង់លេងល្អ តែរយៈពេលតែ៣០វិនាទីចុងក្រោយយើងខ្វះការទំនាក់ទំនងគ្នារវាងស្លាបខាងស្តាំ និងខ្សែប្រយុទ្ធ ដែលជាមូលហេតុធ្វើឲ្យគូប្រកួតរបស់យើងមានឱកាសស្វែងរកគ្រាប់បាល់តាមស្មើយើង ។ ក្នុងការប្រកួតនេះយើងមិនខ្វល់ថាក្រុមណានឹងលើកពាននោះទេ ប៉ុន្តែយើងចង់លេងឲ្យបានល្អដើម្បីអ្នកគាំទ្ររបស់យើង » ។

ជាចុងក្រោយលោកគ្រូក៏បានបញ្ជាក់ពីជំហរបស់ក្លឹបទាក់ទងនឹងការមិនពេញចិត្តការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ដោយលោកបានបញ្ជាក់ថា៖ « តាមរយៈការកាត់សេចក្តីរបស់អាជ្ញាកណ្តាលធំលើទីលាន យើងត្រូវតែមានការជួបប្រជុំជាមួយ FFC ដើម្បីស្វែងរកមូលហេតុជាក់លាក់មួយជុំវិញការសម្រេចចិត្តរបស់គាត់ ដែលហេតុអ្វីបានជាផ្តល់បាល់ Offside ទៅ Paulo ត្រង់ចំនុចមួយ, ហេតុអ្វីបានជាគាត់ឲ្យកាតលឿងទៅកីឡាករយើងត្រង់ចំនុចមួយនោះ, និងហេតុអ្វីបានជាម៉ោងបន្ថែមរហូតដល់៦នាទី ។ ការធ្វើបែបនេះវាហាក់បីដូចជាបំផ្លាញទឹកចិត្តអ្នកគាំទ្ររបស់យើង ក្រុមការងារ និងកីឡាករដែលខំប្រឹងយ៉ាងខ្លាំងក្លាលើទីលានសម្រាប់ការប្រកួតមួយនេះ » ។

សូមបញ្ជាក់ថាការប្រកួតលីគកំពូលកម្ពុជាឆ្នាំ២០២០បានបញ្ចប់ទៅដោយភ្នំពេញក្រោនបានឈរនៅចំណាត់ថ្នាក់លេខ៣ ហើយក្លឹបបាល់ទាត់ភ្នំពេញក្រោនក៏សូមអបអរសាទក្លឹបបាល់ទាត់បឹងកេតដែលបានឈ្នះពានរង្វាន់លីគកំពូលនៅឆ្នាំនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ