លោកគ្រូស៊ុំ វណ្ណាជាមួយនឹងការត្រលប់មកធ្វើការហ្វឹកហាត់ជុំគ្នាសារជាថ្មី

June 5, 2020 - 11:32 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីខកខានក្នុងការប្រកួត ក៏ដូចជាការហ្វឹកហាត់ក្នុងរយៈពេលយូរដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩នោះ ឥឡូវនេះក្រុមកីឡាករភ្នំពេញក្រោនបានត្រលប់មកធ្វើការហ្វឹកហាត់ជុំគ្នាវិញហើយ ។ ជុំវិញនឹងការត្រលប់មកវិញនេះលោកគ្រូបង្វឹកស៊ុំ វណ្ណាបានបង្ហាញកង្វល់មួយចំនួន ជុំវិញនឹងការត្រៀមខ្លួន និងបញ្ហារបួសរបស់កីឡាករនៅពេលដែលបង្ខំខ្លាំងក្នុងការហ្វឹកហាត់ ។

ជាមួយនឹងកង្វល់ទាំងនេះលោកគ្រូបង្គោលបានលើកឡើងថា៖ « ជាមួយនឹងការសម្រាកយ៉ាងយូរ ហើយពេលនេះយើងបានត្រលប់មកវិញហើយ ប៉ុន្តែខ្ញុំយល់ថាយើងនឹងប្រឈមជាមួយនឹងបញ្ហាធំច្រើនដូចជា យើងត្រូវការពេលវេលាពី៤ ទៅ៥សប្តាហ៍ដើម្បីរៀបចំកីឡាករឲ្យទៅសភាពដើមវិញ ហើយពេលដែលយើងចូលមកភ្លាមៗចឹង យើងធ្វើមិនទាន់បានល្អនោះទេ ។ អ្វីដែលយើងព្រួយបារម្ភខ្លះនោះគឺកីឡាករយើងមួយចំនួនអាចនឹងមានបញ្ហារបួសនៅពេលដែលយើងបង្ខំពួកគាត់ឲ្យហ្វឹកហាត់ខ្លាំង ប៉ុន្តែក្រុមការងាររបស់យើងក៏កំពុងតែពិភាក្សាគ្នាដូចគ្នាចំពោះការរៀបចំការហ្វឹកហាត់យ៉ាងម៉េចដើម្បីកុំឲ្យពួកគាត់មានបញ្ហារបួសខ្លាំង » ។

លោកគ្រូបានបន្ថែមទៀតថា៖ « ឆ្លងកាត់ការត្រៀមខ្លួនបានយ៉ាងល្អជាមួយនឹង៥ប្រកួតតំបូងនោះ យើងនឹងយកវាមកធ្វើជាបទពិសោធន៍ដើម្បីយើងចាប់ចំនុចមួយផ្សេងទៀត ដើម្បីឲ្យកីឡាករគាត់សម្របសម្រួលទៅតាមអ្វីដែលយើងបានគ្រោងទុកសម្រាប់ការប្រកួតដែលនៅសេសសល់នៅជុំទីមួយនេះ » ។

គួររំលឹកផងដែរថាការត្រលប់មកហ្វឹកហាត់ជុំគ្នាឡើងវិញនេះគឺជាការត្រៀមខ្លួនមួយសម្រាប់ក្រុមសីង្ហក្រហមភ្នំពេញក្រោន ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជាដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ ៕​

 

 

មតិយោបល់


អត្ថបទផ្សេងៗ