ស៊ុំ វណ្ណា៖ « វាគឺជាឱកាសល្អមួយសម្រាប់យើងក្នុងការលេងជាមួយក្រុមជម្រើសទីមួយ Kedah FA … »

January 15, 2020 - 10:51 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយចប់ការប្រកួតពានរង្វាន់ Smart RSN Cup 2020 ដោយភ្នំពេញក្រោនបានប្រកួតចាញ់ក្រុម Kedah FA ជាមួយលទ្ធផល ១-២ រួចមក លោកគ្រូបង្វឹក ស៊ុំ វណ្ណាបានបង្ហាញពីចំណាប់អារម្មណ៍ថា វាគឺជាបទពិសោធន៍ល្អមួយរបស់ក្រុមលោកក្នុងការត្រៀមខ្លួននៅលីគកំពូលកម្ពុជាដែលនឹងខិតជិតមកដល់នាដើមខែក្រោយនេះ ។ លោកគ្រូបង្វឹករូបនេះបាននិយាយថា៖ « វាគឺជាឱកាសល្អមួយសម្រាប់យើងក្នុងការលេងជាមួយក្រុមជម្រើសទីមួយ ដែលត្រៀមលេងក្នុងពានរង្វាន់ AFC Champions League 2020 អ្វីៗទាំងអស់គឺយើងមានការរៀបចំល្អ និងទៅតាមគម្រោងដែលយើងបានត្រៀមទុក ប៉ុន្តែអ្វីដែលយើងធ្វើមិនបានល្អនោះគឺពេលវេលានៃការផ្លាស់ប្តូរគ្នាលេងនៅតំបន់ប្រយុទ្ធ ដោយពួកគេត្រូវតែមានការចល័តខ្លួន និងការបញ្ចប់ទីឲ្យបានល្អជាងនេះទៅទៀត ព្រោះជាក់ស្តែងនៅវគ្គទីមួយពួកយើងក៏មានឱកាសច្រើនដូចក្រុមរបស់ពួកគេដែរ » ។

ចំពោះការផ្លាស់ប្តូរកីឡាករក្មេងៗមួយចំនួនចូលលេងនៅចុងវគ្គទីពីរវិញលោកគ្រូបាននិយាយថា៖ « ដោយសារតែក្រុមរបស់យើងនៅត្រូវការការអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ទាក់ទងជាមួយនឹងទម្រង់លេង ការបំលាស់ខ្លួនលើទីលាន ដូច្នេះខ្ញុំបានដាក់កីឡាករវ័យក្មេងៗឲ្យបានចូលលេងជុំគ្នានៅចុងវគ្គទី២ ព្រោះពួកគេត្រូវការពេលវេលាក្នុងការលេងជុំគ្នាឲ្យបានច្រើនបន្ថែមទៀត » ។

គួររំលឹកផងដែរថាការប្រកួតពានរង្វាន់ Smart RSN Cup 2020 បានបញ្ចប់ទៅដោយមានក្រុមចំនួន៣ចូលរួមដែលមានដូចជា៖ ភ្នំពេញក្រោន អង្គរថាយហ្គឺរ និងក្រុមមកពីប្រទេសម៉ាឡេស៊ី Kedah FA ហើយចំពោះគោលបំណងចម្បងនៃពាននេះគឺដើម្បីឲ្យការប្រកួតកាន់តែមានភាពទាក់ទាញជាងការប្រកួតមិត្តភាពធម្មតា ក៏ដូចជាការត្រៀមខ្លួនក្នុងការប្រកួតប្រជែងសម្រាប់រដូវកាលថ្មីឆ្នាំ២០២០ផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ