លោកគ្រូ ស៊ុំ វណ្ណា និយាយអំពីការបង្ហាញខ្លួនរបស់យុវជនក្មេងៗជាមួយក្រុមឈុតធំ

August 24, 2020 - 11:06 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្នុងការប្រកួតរបស់ក្រុមសីង្ហក្រហមភ្នំពេញក្រោនមួយរយៈចុងក្រោយនេះយើងសង្កេតឃើញថាលោកគ្រូបង្វឹកស៊ុំ វណ្ណា បានដាក់យុវជនឲ្យចូលលេងច្រើនទាំងពានរង្វាន់លីគ និងពានរង្វាន់សម្តេច ។ តាមរយៈការដាក់យុវជនឲ្យមានឱកាសបង្ហាញខ្លួនជាមួយក្រុមនេះលោកគ្រូបានយល់ឃើញថា៖ « ពួកគាត់ត្រូវការពេលវេលាក្នុងការលេង ព្រោះយើងបានយកគាត់មកលេងជាមួយឈុតធំហើយ ពួកគាត់ត្រូវការពេលលេងយ៉ាងហោចណាស់ពី១០ទៅ២០នាទី ទៅតាមស្ថានភាពការប្រកួតរបស់យើង ។ ខ្ញុំឃើញពួកគាត់មានគុណភាពក្នុងការលេងរបស់គេ ប៉ុន្តែនៅក្នុងចន្លោះពេលណាមួយដូចជានៅពេលក្រុមយើងជោគជ័យ ក្រុមយើងលេងជាមួយក្រុមដែលប្រហាក់ប្រហែល ឬក្រោមយើង យើងអាចដាក់គាត់លេងបាន » ។

លោកគ្រូក៏បានបញ្ជាក់បន្ថែមទៀតថា៖ « សម្រាប់ការប្រកួតបន្តទៀតយើងនៅតែបន្តដាក់ពួកគាត់ ដោយយើងនឹងរៀបចំដើម្បីឲ្យពួកគាត់បានបង្ហាញ ក៏ដូចជាយើងបានត្រៀមមើលថាតើរដូវកាលក្រោយពួកគាត់អាចជាជម្រើស១១នាក់ ឬកៅអីបម្រុង ហើយយើងក៏សិក្សាមើលថាតើយើងគួរនាំចូលកីឡាករបន្ថែមទៀតឬយើងមានធនធានគ្រប់គ្រាន់ហើយ » ។

ជុំវិញនឹងការផ្តល់ឱកាសដល់យុវជននេះលោកគ្រូបានបញ្ជាក់អំពីគម្រោងនៅឆ្នាំក្រោយបែបនេះ៖ « យើងគិតថាឆ្នាំក្រោយយើងនឹងធ្វើរបៀបនេះទៀតមានន័យថាយើងប្រូម៉ូតកីឡាករមកបន្ថែមទៀតដើម្បីឲ្យគាត់មានឱកាសជាមួយឈុតធំ ដូច្នេះយើងមានកំនើនកីឡាករបន្ថែមទៀតដើម្បីជួយក្រុម ព្រោះប្រសិនបើយើងមានគ្រប់គ្រាន់យើង យើងមិនត្រូវការពីខាងក្រៅមកថែមទៀតទេ » ។

គួររំលឹកផងដែរថាឆ្លងកាត់ការប្រកួតបីលើកចុងក្រោយនេះមានកីឡាករវ័យក្មេងរបស់ក្រុមជាច្រើនបានបង្ហាញសមត្ថភាពលើទីលាន ដែលពួកគេសុទ្ធតែបង្ហាញខ្លួនជាលើកដំបូងទាំងអស់ជាមួយក្រុមឈុតធំ យើងសង្ឃឹមថាពួកគេនឹងប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែខ្លាំងបន្ថែមទៀត ៕

មតិយោបល់


អត្ថបទផ្សេងៗ