ស៊ុំ​ វណ្ណា​ និយាយអំពីបរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

September 20, 2019 - 11:23 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ភ្នំពេញក្រោន បានបរាជ័យ ៤ទល់៥ ក្នុងវគ្គបាល់ប៉េណាល់ទីជាមួយ ព្រះខ័នរាជស្វាយរៀង នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន​ នៅពហុកីឡដ្ឋានជាតិកាលពីយប់មិញ។

ការប្រកួតពុំមានគ្រាប់បាល់កើតឡើងនោះទេក្នុងរយៈពេល៩០នាទី ស្របពេល វ៉ា​ សុខថន និង ប្រាក់ ធីវ៉ា បាត់បង់ឱកាសដ៏ល្អក្នុងការរកគ្រាប់បាល់។

ចំណាប់អារម្មណ៍សម្រាប់ការប្រកួត…

ដូចយើងបានរៀបចំពីមុនមក គឺទម្រង់លេងរបស់គាត់ដោយសិក្សាលម្អិតមិនមែនលេងសើចទេមកដល់វគ្គនេះ។ យើងព្រួយបារម្ភសម្រាប់៩០នាទីនោះគឺជាការព្រួយបារម្ភរបស់កីឡាករយើង បើសិនជាក្រុមណាមានឱកាសរកមួយគ្រាប់នាំមុខ​ ក្រុមនោះនឹងឈ្នះតែម្តង។ សំខាន់ទៅលើការប្រហេស បើសិនប្រហេសគឺទទួលបរាជ័យ​ ដោយយើងបានកំណត់គោលដៅ និងដាស់ទឿន ទៅដល់កីឡាករ។​ បន្ទាប់មកទៀតគឺការបត់បែនទម្រង់លេងរបស់គាត់ ហើយយើងក៏ចាប់ទម្រង់បាន ធ្វើឲ្យវគ្គទី១មានឱកាសសម្រុកគ្នាទៅវិញទៅមក វគ្គទី២ក៏ដូចគ្នា។ ប៉ុន្តែអ្វីយើងគួរចាប់អារម្មណ៍គឺក្រុមទាំងពីរធ្វើបានល្អទាំងសងខាង។ ដោយភាគច្រើនពួកគេម៉ត់ចត់នឹងការងារ មួយវិញផ្សេងទៀតនៅចន្លោះបាល់ប៉េណាល់ទីយើងធ្វើមិនបានល្អនាំឲ្យបរាជ័យ។

ការបង្ហាញទម្រង់លេងរបស់ក្រុម និងមានឱកាសក្នុងការបញ្ចប់ទី…

ជាក់ស្តែង ព្រះខ័នរាជស្វាយរៀង បើសិនជាយើងចង់លេងបាល់វែង​ពីតំបន់ការពារ និងបម្រើ យើងមិនអាចលេងឈ្នះពួកគាត់ទេ។​ ចឹងព្យាយាមលេងបាល់ក្រោម និងចន្លោះនៅពីក្រោយខ្សែការពារ៥របស់គាត់។ ដោយព្យាយាមចេញខាង ទើបចូលក្នុង បន្ទាប់មកយើងប្រយុទ្ធនៅខាងឆ្វេង និងខាងស្តាំ ព្យាយាមលេងដោយការពារ និងវាយបក ខណៈខាងគាត់ក៏ធ្វើបានល្អដូចគ្នា ចំណែកយើង ប្រាក់ ធីវ៉ា មានឧកាសប៉ុន្តែរៀបចំជំហរមិនបានល្អ។​

ការត្រៀមលក្ខណៈជ្រើសរើសកីឡាករទាត់បាល់ប៉េណាល់ទី…

យើងបានរៀបចំដែរដោយត្រៀមក្នុងការជ្រើសរើសកីឡាករ និងទាត់ហ្វឹកហាត់បាល់ប៉េណាល់ទី។​ ហើយក៏ធ្វើការជ្រើសរើសត្រឹមត្រូវ និងកីឡាករក៏ដូចគ្នាក្នុងសម្រេចចិត្តទាត់។

វាយតម្លៃរវាង​​​ បឹងកេត និងព្រះខ័នរាជស្វាយរៀង…

ខ្ញុំគិតការប្រកួតរវាងពួកគេអាចនឹងដូចការប្រកួតរបស់យើង​(ភ្នំពេញក្រោន)​ និងព្រះខ័នរាជស្វាយរៀង។ អ្នកប្រហេសអាចនឹងទទួលបរាជ័យដោយសារក្រុមទាំងពីរសុទ្ធតែលេងការពារវាយបក ព្រោះដល់ដំណាក់កាលនេះហើយគ្មានក្រុមណាលេងហ៊ានប្រព័ន្ធផ្សេង។ ប្រព័ន្ធផ្សេងនៅពេលដណ្តើមបានបាល់អាចលេង ៤-៣-៣ រឺ​ ៣-៤-៣​ ដោយមើលទៅតាមស្ថានភាព។ ប៉ុន្តែជាក់ស្តែងនៅវគ្គផ្តាច់ព្រ័ត្រនេះ បឹងកេត លេងជាមួយ ព្រះខ័នរាជស្វាយរៀង ប្រាកដជាលេងការពារវាយបក៕

 

 

មតិយោបល់


អត្ថបទផ្សេងៗ