លោកគ្រូ ស៊ុំ វណ្ណា ជុំវិញនឹងគោលដៅនៃការជ្រើសរើសកីឡាករមកបំពេញបន្ថែមសម្រាប់ជើងទីពីរ

June 11, 2019 - 1:23 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ស្របពេលដែលទីផ្សារដោះដូរកីឡាករកាន់តែខិតជិតមកដល់ ហើយយើងសង្កេតឃើញថាក្លឹបបាល់ទាត់ភ្នំពេញក្រោនកំពុងធ្វើតេស្តកីឡាករមួយចំនួនដើម្បីចូលរួមនៅជើងទីពីរនេះ លោកគ្រូបង្វឹក ស៊ុំ វណ្ណា បានលើកឡើងថាវាគឺជាឱកាសមួយសម្រាប់ក្រុមក្នុងការត្រៀមខ្លួន នៅជុំទីពីរ ។ លោកគ្រូបង្វឹកដែលកំពុងទទួលភារកិច្ចដឹកនាំក្រុមឈុតធំភ្នំពេញក្រោនរូបនេះបាននិយាយថា៖ « ក្រុមរបស់យើងសព្វថ្ងៃនេះកំពុងតែខ្វះកីឡាករលេខ៩ លេខ១០ និងលេខ៧ ពោលគឺនៅតំបន់ខាងលើផ្ទាល់តែម្តង យើងត្រូវការកីឡាករបរទេសដែលល្អដើម្បីមកជួយគាំទ្រពួកយើងនៅជុំទីពីរ » ។

លោកគ្រូវណ្ណាបានបន្ថែមទៀតថា៖ « ក្រុមរបស់យើងមានគោលដៅរួមមួយចប់ការប្រកួតទាំងពីរជើងធ្វើយ៉ាងណាឲ្យបានត្រឹមលំដាប់ក្រុមទាំង៤ខាងលើ (Top 4) ដូច្នេះយើងត្រូវតែធ្វើការជ្រើសរើសកីឡាករបរទេសដែលល្អ ហើយយើងកំពុងតែសំលឹងមើលកីឡាករនៅតំបន់អាស៊ី ព្រោះវាមានភាពងាយស្រួលតាមលក្ខណផ្សេងៗដូចជា អាកាសធាតុ ចំណីអាហារ និងការលេងវាស៊ីគ្នាជាមួយលីគរបស់យើងផងដែរ » ។

សូមបញ្ជាក់ថាស្របពេលដែលក្រុមភ្នំពេញក្រោនកំពុងតែស្វែងរកកីឡាករមកបំពេញបន្ថែមចំនុចខ្វះខាតនោះ យើងឃើញថាការប្រកួតសម្រាប់ជើងទីមួយនេះនៅមានការប្រកួតចំនួនបីលើកទៀតដោយត្រូវប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជា ក្រុមអង្គរថាយហ្គឺរ និងក្រុមកំពង់ចាម ៕

មតិយោបល់


អត្ថបទផ្សេងៗ