លោក ស៊ុំ វណ្ណា និយាយពីជ័យជម្នះប្រកួតដំបូងនារដូវកាលថ្មី

February 16, 2020 - 6:18 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

២គ្រាប់របស់ Okereke Timothy និង ជួន ចាន់ចាវ ១គ្រាប់ បានជួយឲ្យក្លឹបបាល់ទាត់ភ្នំពេញក្រោន យកឈ្នះ ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា ដោយលទ្ធផល៣ទល់០ ក្នុងការប្រកួតសប្តាហ៍ទី១ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០២០។

ការប្រកួតបានធ្វើឡើងនៅលើកីឡដ្ឋាន Smart RSN ស្របពេលយើងបានឃើញថា ភ្នំពេញក្រោន គួរតែមានឱកាសរកបានគ្រាប់បាល់ច្រើនជាងនេះ បន្ទាប់ពីគ្រប់គ្រងការប្រកួតរយៈពេលស្ទើរតែទាំងពីរវគ្គ។

ជាមួយគ្នានោះ គ្រូបង្វឹករបស់យើង លោក សុំ វណ្ណា ក៏មានជាមតិយោបល់ខ្លះក្រោយបញ្ចប់ការប្រកួតសម្រាប់សប្តាហ៍ដំបូង។

*ជុំវិញការផ្លាស់ប្តូរ ប៉ូលីន មកការពារកណ្តាល…

ទាក់ទងជាមួយ ប៉ូលីន ក្នុងការផ្លាស់មកលេងការពារកណ្តាលដោយសារមានកីឡាករលេងតំបន់ហ្នឹងដូចជា បូរីស និងសុវណ្ណ មានបញ្ហារបួស ប៉ុន្តែបានជាសះស្បើយខ្លះដោយយើងមិនហ៊ានប្រថុយក្នុងការដាក់ឲ្យលេងដោយទុកចាំជា១០០ភាគរយ។ ខណៈកីឡាករទាំងពីររូបនឹងជាសះស្បើយនាសប្តាហ៍ក្រោយ។

*ការបង្ហាញរបស់ក្រុមក្នុងការប្រកួតដំបូង ដោយឃើញថាមានឱកាសច្រើនប៉ុន្តែធ្វើមិនបានសម្រេច…

ធាតុពិតនេះគឺជាការប្រកួតសប្តាហ៍ដំបូងរបស់យើងមាន តាមរយៈពេលធ្វើការជាមួយគ្នាកន្លងមកយើងដឹងថាគូប្រកួតមានប្រើប្រាស់យុវជនច្រើន និងយុវជនរបស់ពួកគេក៏មានគុណភាពក្នុងការលេង។ ពួកគេក៏មានបច្ចេកទេសផ្ទាល់ខ្លួន និងធ្វើតាមប្រព័ន្ធលេងបានល្អច្រើន។ ចំ​ណែកយើងក៏បានធ្វើយុទ្ធសាស្ត្រ៣ដំណាក់ក្នុងការលេងដោយលើកទី១បរាជ័យ និងទី២ និងទី៣ ធ្វើបានជោគជ័យ។

*គ្រាប់បាល់ដែលយើងធ្វើបានអាចថាជាសំណាង រឺយ៉ាងណា និងយើងបាត់បង់ឱកាសច្រើនក្នុងការបញ្ចប់ទី…

ជាក់ស្តែងលេងជាមួយ អគ្គិសនីកម្ពុជា ពូកគាត់លេងការពារជាក្រុម ដោយការពារដល់ទៅ១០នាក់។ ដូច្នេះយើងក៏បានសម្រេចចិត្តមិនលេងនៅតំបន់កណ្តាល និងបង្កើតចំនួនលើសនៅខាង និងធ្វើលើកបាល់ចូលដើម្បីបញ្ចប់ទី។ ចឹងយើងឃើញថាគ្រាប់បាល់របស់យើងទាំង៣សុទ្ធតែធ្វើបានពីតំបន់ខាងលើកមកតំបន់កណ្តាល ប៉ុន្តែយើងអាចរកបានគ្រាប់បាល់ច្រើនដោយសារតែទំនុកចិត្តក្នុងការលេងពីតំបន់កណ្តាលទៅតំបន់ខាង ប្រសិនបើយើងខ្វះគុណភាពនៅតំបន់កណ្តាលក៏ពិបាកលេងដែរ។

*មានការប្លែកក្នុងការរៀបចំលេងសម្រាប់តំបន់ការពារ និងកណ្តាល និងរំកិលបាល់លឿនក្នុងការចាប់ផ្តើមលេងសារជាថ្មី…

ដូចខ្ញុំនិយាយចឹង ពូកគេលេងការពារជាក្រុម។ ចឹងយើងត្រូវតែរំកិលបានឲ្យលឿន បើសិនជាមានឱកាសលេងទៅមុខគឺលេងឲ្យលឿនដើម្បីយកឱកាសនៃការធ្វេសប្រហេសក្នុងការរកគ្រាប់បាល់៕

 

មតិយោបល់


អត្ថបទផ្សេងៗ