ស៊ុំ វណ្ណា ជុំវិញការប្រកួតចុងក្រោយក្នុងលីគ និងការប្រជែងយកស្បែកជើងមាសរបស់ Bata

November 1, 2019 - 10:12 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាបានឈានមកដល់សប្តាហ៍ចុងក្រោយហើយ ដោយក្រុមភ្នំពេញក្រោននឹងត្រូវប្រកួតជាមួយក្រុមខេត្តកំពង់ចាម នាថ្ងៃសៅរ៍ ទី២ ខែវិច្ឋិកា វេលាម៉ោង១៥:៣០ នៅកីឡដ្ឋាន Smart RSN ។ ជុំវិញការប្រកួតចុងក្រោយនេះលោកគ្រូបង្វឹក ស៊ុំ វណ្ណា បាននិយាយថា៖ « ចំពោះការប្រកួតជាមួយក្រុមកំពង់ចាមសម្រាប់ជើងទី២នេះគឺមិនងាយស្រួលខ្លាំងពេកដូចកាលពីជើងទី១នោះទេហើយគ្រាប់បាល់ក៏មិនរបូតច្រើនដែរព្រោះកំពង់ចាមមានកីឡាករបរទេសមួយចំនួនមកជួយ។ ក្រុមនីមួយៗនៅពេលដែលលេងជាមួយភ្នំពេញក្រោនគឹតែងតែបង្ហាញសមត្ថភាពរបស់ពួកគាត់ខ្លាំងដើម្បីប្រកួតប្រជែងជាមួយយើងវាស្របជាមួយយើងរកកីឡាករដែរដូច្នេះពួកគាត់នឹងប្រឹងខ្លាំងចំពោះការប្រកួតនេះ » ។

ជាមួយការប្រកួតប្រជែងតំបន់៤ក្រុមដំបូងលោកបានបញ្ជាក់ថា៖ « ខ្ញុំគិតថាសម្រាប់ឆ្នាំនេះយើងមិនអាចឈានឡើងទៅលេខ៤ ឬលេខ៥នោះទេ ព្រោះក្រុមអង្គរថាយហ្គឺរ និងក្រុមបឹងកេតនៅតែអាចបន្តលទ្ធភាពក្នុងការឈ្នះរបស់ខ្លួនបើគិតដល់ការប្រគួតចុងក្រោយនេះ ហើយខ្ញុំគិតថាវាមិនអាក្រក់ពេកនោះទេ ដោយសារតែចំណាត់ថ្នាក់លេខ៤ លេខ៥ និងលេខ៦ មិនមានគម្លាតគ្នាឆ្ងាយពេកនោះទេ » ។ 

ជាចុងក្រោយលោកគ្រូបាននិយាយអំពីលទ្ធផលក្នុងការប្រកួតប្រជែងយកស្បែកជើងមាសរបស់ Bata យ៉ាងដូច្នេះថា៖ « បើនិយាយពីឱកាសក្នុងការប្រជែងស្បែកជើងមាសរបស់ Bata គឺនៅតែមានព្រោះយើងនៅមានការប្រកួតចុងក្រោយនេះមួយទៀត ហើយយើងនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីគាំទ្រគេក្នុងការប្រជែងនេះ » ៕

មតិយោបល់


អត្ថបទផ្សេងៗ