គ្រូបង្វឹកលោក ស៊ុំ វណ្ណា និយាយអំពីការប្រកួតជាមួយ Chiangrai United ល្ងាចនេះ

January 25, 2020 - 10:32 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

មុនការប្រកួតមកដល់រវាងក្លឹបបាល់ទាត់ភ្នំពេញក្រោន និង Chiangrai United ដែលគ្រោងនឹងចាប់ផ្តើមនាល្ងាចម៉ោង៧នេះ គ្រូបង្វឹករបស់យើងលោក ស៊ុំ វណ្ណា បានបង្ហាញនូវចំណាប់អារម្មណ៍ខ្លះសម្រាប់ការប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Leo Pre-season Cup 2020។

លោក ស៊ុំ វណ្ណា បានបង្ហាញនូវឆន្ទៈ និងការរៀបចំក្រុមដោយមិនខ្វល់ពីសមាសភាពរបស់ Chaingrai United ជាម្ចាស់ជើងឯកលីគកំពូលថៃ ដោយថាការប្រកួតនាលើទីលានមានគ្នាតែ១១នាក់ មានជើងពីរ និងបេះដូងមួយដូចគ្នា ខណៈនរណាមានឱកាស សំណាង រឺល្អជាងជាអ្នកឈ្នះ។

ខាងក្រោមនេះគឺជាសម្តីទាំងស្រុងរបស់លោក ស៊ុំ វណ្ណា ដែលបានឆ្លើយតបពីខេត្តឈៀងរ៉ៃ ប្រទេសថៃ បន្ទាប់ពីបានចាកចេញទៅធ្វើការហ្វឹកហាត់ត្រៀមចាប់តាំងពីថ្ងៃទី២៣ ខែមករា កន្លងមកនេះ៖

«យើងដឹងហើយថាយើងលេងជាមួយក្រុមជើងឯកលីគកំពូលថៃ(Chiangrai United) ថ្មីៗនេះពួកគេទើបឈ្នះការប្រកួតវគ្គជម្រុះពានរង្វាន់ Leo Pre-season Cup 2020»។

«ការលេងថ្ងៃនេះ គឺយើងបានត្រៀមខ្លួនរយៈពេល៧ទៅ៨សប្តាហ៍រួចមកហើយ ជាមួយគ្នាយើងក៏បានធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយ Kedah FA ដែលមានកៅអីលេងវគ្គជម្រុះពានរង្វាន់ AFC Champions League»។

«សម្រាប់ចំណាប់អារម្មណ៍គឺធម្មតាដោយសារក្រុមបាល់ទាត់ថៃ និងក្រុមបាល់ទាត់ខ្មែរ ពុំមានបច្ចេកទេសលើសគ្នាខ្លាំង ដោយផ្តោតសំខាន់ទៅលើការរៀបចំ និងបទពិសោធន៍របស់កីឡាករ។ អញ្ចឹងក្រុមរបស់យើងក៏បានរៀបចំច្រើននាពេលកន្លងមក ហើយយើងមិនបារម្ភក្រុមរបស់ថៃ ប៉ុន្តែនឹងព្យាយាមលេងឲ្យអស់ពីសមត្ថភាព»។

«យើងខំប្រឹងលេងដើម្បីទទួលបានជ័យជម្នះនឹងឡើងទៅវគ្គបន្ត យើងមិនបារម្ភថាពួកគេលេងលីគកំពូលថៃ រឺយ៉ាងណា សំខាន់នាពេលចូលទីលានគឺមានតែ១១នាក់ ជើងពីរដូចគ្នា បេះដូងមួយដូចគ្នា នរណាមានឱកាស សំណាង រឺល្អជាងជាអ្នកឈ្នះ»។

«ធម្មតាកីឡាករលេង១១នាក់នៅលើទីលានបើសិនមាននរណាម្នាក់របួសយើងនឹងប្រើប្រាស់កីឡាករបម្រុងយកមកកែឆ្នៃប្រើប្រាស់ចូលទីលាន។ ដូចខ្ញុំធ្លាប់និយាយបច្ចុប្បន្ននេះ ជម្រើស១១នាក់ដំបូងរបស់ភ្នំពេញក្រោន គឺពិបាកជ្រើសរើសណាស់ ដោយសារពួកគេមានសមត្ថភាពប្រហាក់ប្រហែលគ្នា»។

«ខ្ញុំគិតថាវាមិនឆ្ងាយគ្នាច្រើននោះទេក្នុងបាត់បង់កីឡាករសំខាន់ៗ ប៉ុន្តែយើងបានត្រៀមកីឡាករផ្សេងទៀតដើម្បីមកជួសជុលតំបន់នោះ ទោះបីជាមិនបាន១០០ភាគ ក៏អាចត្រឹម៧០ទៅ៨០ភាគរយ។ កីឡាករសំខាន់ៗរបស់យើងខកខានការមកទីនេះដោយសារតែពួកគេមានបញ្ហារបួស និងជំងឺ ដោយឡែក Andres Nieto គឺបញ្ហាទៅលើទិដ្ឋាការរបស់គាត់»៕

 

មតិយោបល់


អត្ថបទផ្សេងៗ