លោក ស៊ុំ វណ្ណា និយាយអំពីការប្រកួតយកឈ្នះ ខេត្តកំពង់ចាម ក្នុងវគ្គ១៦ក្រុមចុងក្រោយ Hun Sen Cup

June 28, 2019 - 12:28 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិប ភ្នំពេញក្រោន យកឈ្នះ ខេត្តកំពង់ចាម ដោយលទ្ធផល ១០ទល់០ កាលពីម្សិលមិញនេះ ក្នងវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩។

វ៉ា សុខថន រកបាន៦គ្រាប់, ប្រាក់ ធីវ៉ា, ម៉ៅ ពិសិដ្ឋ, សេត រ៉ូហ្សាក់, យឿ សាហ្វី និង លឹម ពិសុទ្ធ។

ចំណាប់អារម្មណ៍សម្រាប់ការប្រកួតយកឈ្នះ ខេត្តកំពង់ចាម ដោយលទ្ធផល១០ទល់០…

«ការប្រកួតថ្ងៃនេះយើងបានត្រៀមអស់ហើយសម្រាប់លេងជាមួយខេត្ត កំពង់ចាម ដោយយើងមិនអាចមើលងាយគូប្រកួតបានទេ។ ប្រកួតរបស់យើងមានដំណាក់កាលនៃការផ្លាស់ប្តូរ វគ្គទី១យើងប្រើខ្សែការពារ៤ និងបម្រើការពារ ១ ខណៈពេលបាត់បាល់យើងលេងបម្រើការពារដល់ទៅ២។

បន្ទាប់មកយើងក៏ធ្វើការផ្លាស់ប្តូរនៅពេលយើងរកគ្រាប់បាល់ទី១ ស្របពេលកីឡាកររបស់យើងចាប់ផ្តើមពីទម្រង់លេង និងអ្វីខ្ញុំចង់បាន។ ស្របពេលយើងក៏បានត្រៀមខ្លួនជា២ដំណាក់កាលដោយសារគូប្រកួតក៏លេងក្នុងលីគ ដោយយើងធ្វើយ៉ាងម៉េចអោយមានស្ថេរភាពសម្រាប់ដំណាក់កាលទី១ និងទី២បំរែបំរួលនៅលើទីលានជាក់ស្តែង។

ការផ្លាស់ប្តូរ សេង កុសែន នៅវគ្គទី១…

យើងឃើញថា  សេង កុសែន ឡើងទៅផុតរហូតដើម្បីជួយគាំទ្រតំបន់ប្រយុទ្ធ ដូច្នេះបើយើងផ្លាស់ប្តូរគាត់ហើយជំនួសដោយខ្សែប្រយុទ្ធម្នាក់ និងទម្លាក់ ពិសិដ្ឋ មកលេងវិញអាចជួយបានទាំងការពារ និងប្រយុទ្ធ។ ដូច្នេះទម្រង់លេងបានប្រែប្រួលដោយយើងលេងការពារ៣ បម្រើការពារ១ ដែលមាន ប៉ូលីន បម្រើប្រយុទ្ធ៣ និងប្រយុទ្ធ៣នាក់។

ជម្រើស១១នាក់ដំបូងភាគច្រើនពុំមានការផ្លាស់ប្តូរ ខណៈថ្ងៃអាទិត្យនេះត្រូវលេងជាមួយ ខេត្តកំពង់ចាម ម្តងទៀត តើនេះជាសញ្ញានៃការត្រៀមខ្លួនរឺយ៉ាងណា?

យើងបានត្រៀមរួចហើយ សម្រាប់៣០នាទីយើងត្រូវលេងបែបម៉េច ហើយយើងក៏បានធ្វើលំហាត់៣០នាទី ៤ដង ដោយអោយពួកគាត់យល់គ្នាអំពីការបម្លាស់ទីរវាងចន្លោះខ្សែការពារ ទៅ ខ្សែការពារ ពីជំហរមួយ ទៅជំហរមួយ គឺពួកគាត់យល់ច្រើន។

ប្រៀបធៀបភាពខុសប្លែកគ្នា វគ្គទី១ និងវគ្គទី២ ដែលយើងអាចរកគ្រាប់បាល់ដល់ទៅ៨គ្រាប់នៅវគ្គទី២…

នៅវគ្គទី១ យើងព្យាយាមបញ្ជូនបាល់អោយបានច្រើន ហើយគូប្រកួតទម្លាក់ខ្លួននៅតំបន់បាល់អោយបានច្រើន អីចឹងយើងអត់សូវមានឱកាស។ នៅវគ្គទី២ យើងធ្វើបានល្អច្រើនដោយសារមានបម្រែបម្រួល និងប្រព័ន្ធប្រយុទ្ធបានច្រើន។ ដោយសារយើងបន្ថែមខ្សែប្រយុទ្ធ៤ និងបម្រើប្រយុទ្ធ៣នាក់ ជាមួយការបញ្ជូនបាល់លឿនមែនទែន ប៉ុន្តែនៅតំបន់ខាងយើងព្យាយាមប្រយុទ្ធច្រើន។ បន្ទាប់មកកម្លាំងគូប្រកួតអន់ថយយើងក៏សង្គ្រប់យកតែម្តង

 

មតិយោបល់