ស៊ុំ វណ្ណា និយាយអំពីជ័យជម្នះលើក្លិប ក្រសួងការពារជាតិ ៤ទល់១

September 24, 2019 - 8:00 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ភ្នំពេញក្រោន ទទួលបានជ័យជម្នះក្រៅដីជាមួយលទ្ធផលយ៉ាងត្រចះត្រចង់ ៤ទល់១ លើក្រុមម្ចាស់ផ្ទះ ក្រសួងការពារជាតិ កាលពីថ្ងៃច័ន្ទ ម្សិលមិញ នៅលើកីឡដ្ឋាន ស្តាតចាស់។

Paulo Victor រកបានគ្រាប់បាល់ដំបូងក្នុងការប្រកួតនាទី ៣៦ និង Dzarma Bata ធ្វើបានពីគ្រាប់ម្នាក់ឯងនាទី ៥២ និង៨១។ ជាមួយគ្នានោះខ្សែបម្រើអន្តរជាតិអាហ្គានីស្ថាន Mustafa Zazai ក៏ធ្វើបាននាទី ៧២។

គ្រូបង្វឹកបណ្តោះអាសន្នរបស់យើង លោក ស៊ុំ វណ្ណា ក៏បាននិយាយជុំវិញចំណាប់អារម្មណ៍នៃការប្រកួតនេះ។

ចំណាប់អារម្មណ៍សម្រាប់ការប្រកួត…

ទាក់ទងនឹងការរៀបចំរបស់យើងបន្ទាប់ពីលេងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដានដែលវាល្អគឺនៅជាប់ជាមួយយើង។ ដោយយើងបានរៀបចំរយៈមួយសប្តាហ៍នេះគឺទាំងលីគកំពូលកម្ពុជា និង Hun Sen Cup។ ការងាររបស់យើងអត់មានទម្លាក់ទេដោយក្នុងលីគយើងនឹងបន្តប្រឹងប្រែងលេងឲ្យល្អ នេះជាគោលដៅរបស់ក្រុមការងារ កីឡាករ និងថ្នាក់ដឹកនាំ។

ជ័យជម្នះ ក្រសួងការពារជាតិ ៤ទល់១ អាចប៉ះប៉ូវការធ្លាក់ចេញពី Hun Sen Cup…

ធាតុពិតគឺអត់។ យើងធ្វើបានល្អតាំងពីលេងជាមួយ គិរីវង់សុខសែនជ័យ និងព្រះខ័នរាជស្វាយរៀង។ ជ័យជម្នះលើ ក្រសួងការពារជាតិ គឺមិនអាចប៉ះប៉ូវលើការប្រកួតទាំងពីរនោះទេ។ វាជាប្រវត្តិសាស្ត្រ យើងមិនចង់ឲ្យវានៅដដែលដោយត្រូវតែកែប្រែ និងមានភាពល្អប្រសើរឡើងវិញ។

ជ័យជម្នះថ្ងៃនេះអាចរំសាយចិត្តពីបរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន…

យើងអាចរំងាប់អារម្មណ៍បានសម្រាប់ក្រុមការងារ និងកីឡាករ ប៉ុន្តែមហាជនរំងាប់អារម្មណ៍អត់បាន។ នៅពេលយើងជួបអ្នកគាំទ្រក្លិបនៅតាមទីសាធារណៈគាត់តែនិយាយពីការទាត់បាល់ប៉េណាល់ទីមិនបានល្អ ប៉ុន្តែក៏បានកោតសរសើរពីឆន្ទៈលេង និងការរៀបចំរបស់ក្រុម។

ការឆ្លើយតបលើការប្រតិកម្មរបស់អ្នកគាំទ្រ…

វាស្ថិតនៅលើការរៀបចំរបស់យើងមិនបានល្អ១០០ភាគរយ។ យើងនឹងត្រូវវិភាគទៅលើកីឡាករ រឺផ្នែកណាមួយនៃក្រុមការងារ ដើម្បីលម្អិតទៅលើការចាត់កីឡាករនៃការទាត់បាល់ប៉េណាល់ទៅឲ្យល្អឥតខ្ចោះ។

ក្តីរំពឹងចំណាត់ថ្នាក់នៅពេលបញ្ចប់រដូវកាល…

តាមគម្រោងរបស់ថ្នាក់ដឹកនាំតាំងពីដើមរដូវកាលគឺធ្វើយើងណាប្រជែងជើងឯក ប៉ុន្តែបើយើងធ្វើមិនបានល្អទេអាចស្ថិតនៅក្នុងកំពូលតារាងទាំង៤ (Top 4)៕

មតិយោបល់


អត្ថបទផ្សេងៗ