លោកគ្រូ ស៊ុំ វណ្ណា ចូលរួមសិក្សាវគ្គគ្រូបង្វឹកនៅប្រទេសថៃ ដើម្បីធ្វើការអភិវឌ្ឍធនធានគ្រូបាល់ទាត់នៅកម្ពុជា

May 3, 2019 - 6:28 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លោកគ្រូជំនួយក្រុមឈុតធំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ស៊ុំ វណ្ណា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកោះហៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលក្នុងគ្រូបង្វឹកនៅទីក្រុងបាងកក ប្រទេសថៃ ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយ FIFA និងសហការជាមួយ AFC ក្នុងគោលបំណងដើម្បីឲ្យអ្នកចូលរួមទាំងអស់ ពោលគឺគ្រូឧទ្ទេសទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការហ្វឹកហាត់គ្រូជំនាន់ក្រោយបានត្រឹមកម្រិត C និង D Licence នៅតំបន់អាស៊ី ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ។

ក្រោយពីបានចូលរួមក្នុងវគ្គនេះលោកគ្រូជំនួយនៃក្លឹបភ្នំពេញក្រោនបានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ « ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ ហើយបន្ទាប់ពីចប់វគ្គនេះទៅខ្ញុំមានការយល់ដឹងច្រើនជុំវិញការហ្វឹកហាត់គ្រូបាល់ទាត់ទាក់ទងនឹងបញ្ហាផ្សេងៗដូចជា វិធីសាស្រ្តនៃការហ្វឹកហាត់ ការរៀបចំគម្រោងនៃហ្វឹកហាត់ ការលើកទឹកចិត្ត ការទំនាក់ទំនង ការរៀបចំការប្រកួត ការវិភាគផ្សេងៗនៃការលេងបាល់ទាត់ និងសកម្មភាពផ្សេងៗទៀតនៅលើទីលាន ជាមួយកីឡាករ ។ ចំនេះដឹងនេះជាអ្វីដែលថ្មីសម្រាប់ខ្ញុំ ហើយខ្ញុំក៏មានជំនឿចិត្តខ្លួនឯងថានឹងយកចំនេះដឹងទាំងនេះមកធ្វើការហ្វឹកហាត់គ្រូៗក្នុងការចូលរួមវិស័យបាល់ទាត់នៅកម្ពុជា » ។

សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះ មានគ្រូឧទ្ទេសចូលរួមចំនួន២២នាក់ ហើយវាគឺជារបកគំហើញថ្មីមួយទៀតរបស់ FIFA ដើម្បីធ្វើការបណ្តុះបណ្តាលវិស័យបាល់ទាត់នៅក្នុងតំបន់អាស៊ី ពាក់ព័ន្ធទៅនឹងធនធានគ្រូបង្វឹក ដែលតម្រូវឲ្យធ្វើការសិក្សាក្នុងរយៈពេលបួនតំណាក់កាល ៕

 

មតិយោបល់


អត្ថបទផ្សេងៗ