លោក ស៊ុំ វណ្ណា ពន្យល់ពីមូលហេតុដែលដាក់រៀម ស៊ីងលេងប្រយុទ្ធក្នុងការប្រកួតម្សិលមិញនេះ

August 15, 2019 - 12:01 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ឆ្លងកាត់ប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ៨ក្រុមចុងក្រោយ ដោយក្រុមភ្នំពេញក្រោន បានប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ជាមួយនឹងលទ្ធផល ១-០ សម្រាប់ជើងទីមួយកាលពីម្សិលមិញនេះ យើងសង្កេតឃើញថាគ្រូបង្វឹកបណ្តោះអាសន្នលោក ស៊ុំ វណ្ណាបានសម្រេចចិត្តដាក់កីឡាករ រៀម ស៊ីង ឲ្យចូលលេងប៉ុន្មាននាទីចុងក្រោយដោយលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ ។ ចំពោះហេតុផលនៃការផ្លាស់ប្តូររៀម ស៊ីងចូលលេងនេះលោកបាននិយាយថា៖ « មូលហេតុចម្បងមួយនោះគឺយើងមើលឃើញថាខ្សែការពាររបស់ក្រុមគេមានការថមថយកម្លាំង ហើយយើងត្រូវការគ្រាប់បាល់ដើម្បីតាមស្មើរជាមួយនឹងពួកគេ ខណៈដែលនៅតំបន់កណ្តាលមានភាពទំនេរនោះ ។ យើងដាក់គាត់ដោយសារតែគាត់មានកម្ពស់ខ្ពស់អាចមានភាពងាយស្រួលក្នុងការបញ្ចប់ទីដោយប្រើក្បាល នៅពេលដែលយើងបោះបាល់ពីស្លាបសងខាងទៅ ប៉ុន្តែជាក់ស្តែងពួកយើងមិនបានធ្វើតាមអ្វីដែលបានគ្រោងទុកនោះទេ ដោយលេងបោះថយមកក្រោយទៅវិញ » ។

លោកគ្រូក៏បានបញ្ជាក់ទៀតថា៖ « នៅពេលដែលយើងផ្លាស់ប្តូរគាត់ចូល យើងមើលឃើញថាគាត់មានឱកាសពីរបីដងដែរ ប៉ុន្តែមិនបានសម្រេច ហើយមួយវិញទៀតគាត់ក៏អាចជួយគាំទ្រខ្សែប្រយុទ្ធ Abey គួរសមដែរ ព្រោះ Abey លេងបាល់លឿន ដូច្នេះយើងត្រូវការអ្នកដែលជួយគាំទ្របន្ថែមទៀតនៅតំបន់ប្រយុទ្ធនោះ » ។

គួររំលឹកផងដែរថាសម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ៨ក្រុមចុងក្រោយ នឹងត្រូវធ្វើឡើងម្តងទៀតសម្រាប់ជើងទីពីរ ដោយក្រុមទាំងពីរនឹងត្រូវប្រកួតគ្នានៅកីឡដ្ឋាន Smart RSN នាថ្ងៃទី២៧ ខែសីហាខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ