លោក ស៊ុំ វណ្ណា ហៅជំនួបជាមួយ អង្គរថាយហ្គឺរ ជាការប្រកួតដ៏លំបាកមុនបញ្ចប់រដូវកាល២០១៩
October 24, 2019 - 2:08 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតជាមួយ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងសប្តាហ៍ទី២៥ នៃលីគកំពូលកម្ពុជា២០១៩។
ជំនួបក្រៅដីចុងក្រោយរបស់ ភ្នំពេញក្រោន សម្រាប់រដូវកាលនេះនឹងធ្វើឡើងនៅកីឡដ្ឋាន ស្វាយធំ(សៀមរាប) នៅថ្ងៃទី ២៦ ខែ តុលា វេលាម៉ោង៣និង៣០នាទី។
ស្របគ្នានេះដែរលោក ស៊ុំ វណ្ណា ជាគ្រូបង្វឹកបានលើកឡើងថាជំនួបជាមួយ អង្គរថាយហ្គឺរ នឹងក្លាយជាប្រកួតមួយដ៏លំបាកមុនបញ្ចប់រដូវកាល២០១៩។
«យើងគិតថាការលេងជាមួយ អង្គរថាយហ្គឺរ ជាការប្រកួតមួយលំបាកសម្រាប់យើងមុនបញ្ចប់រដូវកាល២០១៩ ដោយសារពួកគេមានចំណាត់ថ្នាក់នៅលើយើង ខណៈយើងនឹងជាក្រុមភ្ញៀវសម្រាប់សប្តាហ៍នេះ»។
«យើងដឹងហើយថាពួកគេធ្វើបានល្អសម្រាប់ការប្រកួតក្នុងទឹកដីដោយសារពួកគេស៊ាំជាមួយស្ថានភាពទីលាន។ សម្រាប់អាកាសធាតុវិញមិនជាបញ្ហា ប៉ុន្តែទីលានគឺជាកត្តាសំខាន់ធ្វើឲ្យយើងលេងលំបាក»។
«ជាមួយ អង្គរថាយហ្គឺរ យើងមិនអាចធ្វេសប្រហេសបាន។ យើងត្រូវតែមានការការពារច្រើនជាងប្រយុទ្ធ ដោយសារកីឡាកររបស់គាត់មានគុណភាព»។
«នៅពេលយើងលេងជាមួយ សូលទីឡូអង្គរ យើងគ្រប់គ្រងការប្រកួតស្ទើរតែ៨០ភាគរយ ប៉ុន្តែការបញ្ចប់ទីរបស់យើងមិនបានល្អ។ បន្ទាប់មកយើងបានធ្វើការពិចារណាឡើងវិញក្នុងការលេងជាមួយ អង្គរថាយហ្គឺរ ដោយសារពូកគេមានទម្រង់លេងល្អ រៀបចំបានល្អ និងកីឡាករមានសមត្ថភាពជាង សូលទីឡូអង្គរ»។
ពាក់ព័ន្ធជាមួយឱកាសដណ្តើមយកចំណាត់ថ្នាក់កំពូលទាំង៤ (Top 4) គ្រូបង្វឹកដដែលថាក្រុមទាំងមូលនឹងព្យាយាមប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីឈានចូល Top 4 រឺ Top 5 បើសិនជាមានក្រុមនៅចំណាត់ថ្នាក់លើដូចជា បឹងកេត និងអង្គរថាយហ្គឺរ។
«ខ្ញុំគិតថាអ្វីសំខាន់គឺយើងនៅសល់២ប្រកួតទៀតជាមួយ អង្គរថាយហ្គឺរ និងកំពង់ចាម។ ដូច្នេះកីឡាករ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ក៏ដូចជាក្រុមទាំងមូលបានរួមកាយរួមចិត្តប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបាន៦ពិន្ទុពេញរំកិលចំណាត់ថ្នាក់ឡើងទៅកាន់ Top 4»។