លោក ស៊ុំ វណ្ណា និងកីឡាករ សុខ សុវណ្ណ បង្ហាញចំណាប់អារម្មណ៍ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់

September 17, 2019 - 4:36 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ភ្នំពេញក្រោន និង​ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបតតាំងគ្នានៅថ្ងៃទី ១៩ ខែ កញ្ញា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩។

លោក ស៊ុំ វណ្ណា ជាគ្រូបង្វឹក និងកីឡាករ សុខ សុវណ្ណ ជាប្រធានក្រុមរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតមកដល់។​ ខណៈការប្រកួតនឹងធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦ល្ងាច។

ខាងក្រោមនេះជាសម្តីរបស់គ្រូបង្វឹកលោក ស៊ុំ​ វណ្ណា ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់។

ចំណាប់អារម្មណ៍អំពីការប្រកួត…

ចំពោះក្រុម៤ឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ មិនមែនជាក្រុមតូចតាចទេ គឺសុទ្ធតែជាក្រុមធំទាំងអស់ និង សុទ្ធតែមានមនសិការរៀងខ្លួន ដើម្បីរៀបចំក្រុមបានល្អប្រសើរ​ដណ្តើមជ័យជម្នះ។

ចំពោះក្រុមយើងដូចគ្នា​ មកដល់វគ្គនេះហើយយើងមិនបានគិតថា ព្រះខ័នរាជស្វាយរៀង ពីមុនមកមិនទាន់ស្គាល់ចាញ់ ដោយស្មើ និងឈ្នះ នៅក្នុងលីគហើយចាត់ទុកវាជាសម្ពាធរបស់យើងនោះទេ។ តែមកដល់ពេលនេះកីឡាករខ្មែរលេងជាមួយកីឡាករខ្មែរដូចគ្នាតែម្តង បានន័យថា៥០ភាគរយដូចគ្នា បើសិនជាក្រុមណាមានឱកាស ឆន្ទៈខ្ពស់​ ក្នុងទីលានក្រុមនោះនឹងក្លាយជាអ្នកឈ្នះ។ ក្រុមយើងបានរៀបចំរួចជាស្រេច ហើយខាងគេក៏បានរៀបចំដូចគ្នា​ ប៉ុន្តែអ្វីសំខាន់នោះគេ៩០នាទីលើទីលាន។ កន្លែងនេះសម្រាប់ក្លិប​ ភ្នំពេញក្រោន គឺយើងប្តូរអស់ហើយទាំងកីឡាករ និងក្រុមការងារ មិនអាចឲ្យរបូតបាននោះទេ។ ទោះជាយ៉ាងណាក៏យើងប្តូរជ័យជម្នះសម្រាប់លើកតម្កើងក្រុមរបស់យើងឲ្យល្អប្រសើរ ដើម្បីឈានទៅវគ្គបន្តទៀត។

បញ្ហាកីឡាកររបួស…

សម្រាប់ខ្ញុំមានកីឡាកររបួសដល់ទៅ៦នាក់ក្នុងក្រុមជាហានិភ័យខ្ពស់។ ពៅ​ ប៉ុនវុទ្ធី និង ជួន ចាន់ចាវ រួមជាមួយកីឡាករ៣-៤នាក់ផ្សេងទៀត ស្ថិតក្នុងការប្រឈមមិនអាចលេងបាន៩០នាទីបាន។

ជំនួបចុងក្រោយរវាងក្រុមទាំងពីរក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទៅដោយលទ្ធផលស្មើ តើការប្រកួតលើកនេះអាចបញ្ចប់លទ្ធផលដូចគ្នា រឺយ៉ាងណា…

សម្រាប់ខ្ញុំយើងនឹងព្យាយាមល្អប្រសើរបាន១០០ភាគរយ។ ជាក់ស្តែងសម្រាប់ថ្ងៃទី១៩ យើងដឹងហើយថាការប្រកួតវាក្តៅ ស្មុគស្មាញ ដោយក្លិប ភ្នំពេញក្រោន នឹងព្យាយាមធ្វើឲ្យបានល្អ ទោះបីយ៉ាងណាក៏ដោយដើម្បីរក្សាជំហររបស់យើងថាជាក្រុមខ្លាំងនៅក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

យើងមិនហ៊ានសន្យថាត្រូវតែលេងដល់៩០នាទី ទាត់បញ្ចូលទីនៅវគ្គទី១ រឺទី២ តែយើងនឹងព្យាយាមឲ្យពីសមត្ថភាព។

បើសិន ភ្នំពេញក្រោន អាចយកឈ្នះ ព្រះខ័នរាជស្វាយរៀង ជាក្រុមមិនទាន់ស្គាល់បរាជ័យគ្រប់ពានរង្វាន់តែមានតម្លៃយ៉ាងណាសម្រាប់ក្រុម…

ជាធម្មតាបើសិនជាយើងលើកតម្កើនគូប្រកួតខ្ពស់ពេក យើងប្រាកដជាវេទនា យើងប្រាកដជាយ៉ាប់។ មកដល់ដំណាក់កាលនេះគឺសុទ្ធតែជា៤ក្រុមដែលល្អ យើងគិតថាមិនប៉ុន្មាននោះទេ។ សម្រាប់ការឈ្នះ ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់សម្តេចគឺមិនប៉ុន្មាននោះទេ។ អ្វីជាគោលដៅរបស់យើងគឺឈានទៅវគ្គផ្តាច់ព្រ័ត្រជាការសំខាន់ ព្រោះអីនៅក្នុងវគ្គនេះត្រូវតែធ្វើឲ្យបានល្អ ដោយមិនបានវាយតម្លៃគូប្រកួតក្នុងកម្រិតខ្ពស់ រឺកម្រិតណាមួយឡើយ។ យើងគិតថាគូប្រកួតស្មើជាមួយយើង ទោះជាគាត់លេងបានល្អនៅក្នុងលីគកំពូលកម្ពុជាក៏ដោយ មិនដែលចាញ់ ដោយធ្លាប់ស្មើ និងឈ្នះ ប៉ុន្តែយើងទុកវាមួយកន្លែងសិន។ មកកន្លែងនេះគឺពានរង្វាន់សម្តេចដោយយើងធ្លាប់ចាញ់១ ឈ្នះ១ បន្ទាប់មកធ្លាប់ឈ្នះ កំពង់ចាម ២លើកទៀត។ ពេលហ្នឹងយើងទូរទាត់នៅក្នុងទីលានថាតើក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១៩ ភ្នំពេញក្រោន រឺព្រះខ័នរាជស្វាយរៀង​ យើងមិនអាចឲ្យប្រវត្តិក្នុងដូចក្នុងលីគ។

ខាងក្រោមនេះជាសម្តីរបស់ប្រធានក្រុមកីឡាករ សុខ សុវណ្ណ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់។

ចំណាប់អារម្មណ៍អំពីការប្រកួត…

សម្រាប់ខ្ញុំការប្រកួតនេះគឺតានតាំងសម្រាប់ក្រុមទាំងពីរ។ ក្រុមរៀបចំបានល្អ និងទទួលបានលទ្ធផលល្អ

សម្ពាធក្រោយចាញ់ គិរីវង់សុខសែនជ័យ ក្នុងលីគកំពូលកម្ពុជា អាចប៉ះពាល់ដល់ការប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង⁣ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន…

ចំពោះការប្រកួតជាមួយ គិរីវង់ ទោះជាយើងចាញ់មែន ប៉ុន្តែគ្រាន់តែជាអតីតកាល វាហួសហើយ។ យើងយកអតីតកាលមកនិយាយលាយឡំជាមួយការប្រកួតថ្ងៃទី១៩ គឺអត់បានទេ។ វាហួសហើស ទុកឲ្យវាហួសចុះ ប៉ុន្តែអ្វីផ្តោតសំខាន់គឺការប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១៩នេះយើងត្រូវតែឈ្នះ គឺដាច់ខាត។

មតិយោបល់


អត្ថបទផ្សេងៗ