ស៊ុំ វណ្ណា៖ « ចន្លោះប្រហោងនៃការប្រកួតយប់មិញធ្វើឲ្យយើងដឹងថាកីឡាករណាអាចលេងជាមួយក្រុមខ្លាំងបាន និងកីឡាករណាអាចលេងជាមួយក្រុមល្មមៗបាន »

July 22, 2019 - 11:50 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយប្រកួតចាញ់ក្រុមវិសាខាកាលពីម្សិលមិញលោកគ្រូបង្វឹកបណ្តោះអាសន្ន ស៊ុំ វណ្ណាបានយល់ថាវាគឺជាការប្រកួតមួយដែលល្អ មានអ្នកគាំទ្រច្រើន ព្រោះអ្នកគាំទ្របាល់ទាត់មានការចាប់អារម្មណ៍ច្រើន និងងាកមកមើលលីគកម្ពុជាឡើងវិញ ។ លោកគ្រូបាននិយាយថា៖ « យើងតែងតែមានការរៀបចំខ្លួនបានល្អនៅរាល់ការប្រកួតទាក់ទងទៅនឹងការរៀបចំក្រុម ផ្លូវចិត្តរបស់កីឡាករ ការរៀបចំអាហារទៅដល់ក្រុមកីឡាករ ក៏ដូចជាកត្តាផ្សេងៗទៀត ហើយចំពោះការប្រកួតជាមួយវិសាខានេះយើងធ្វើបានល្អទៅតាមការរៀបចំពី៧០ ទៅ៨០ភាគរយ » ។

ចំពោះការប្រកួតក្រៅដីនេះលោកគ្រូបានបន្ថែមថា៖ « យើងទៅលេងនៅទឹកដីរបស់គេ ដូច្នេះភាពរំជួលចិត្តរបស់កីឡាករយើងនៅតែមានការបារម្ភខ្លាំង ចំពោះខ្ញុំផ្ទាល់ខ្ញុំមិនបានដាក់សម្ពាធទៅកាន់កីឡាករនោះទេ យើងព្យាយាមធ្វើទៅតាមអ្វីដែលយើងបានគ្រោងទុក ដូចអ្វីដែលខ្ញុំបាននិយាយមុនការប្រកួតអញ្ចឹង ប៉ុន្តែផ្ទុយពីអ្វីដែលយើងបានគ្រោងទុកនោះគឺ ការគ្រប់គ្រងអារម្មណ៍របស់កីឡាករយើងមួយចំនួននៅមានកម្រិតដោយទាកទងទៅនឹងបទពិសោធន៍របស់ពួកគាត់លើទីលាន ដែលជាមូលហេតុធ្វើឲ្យក្រុមមានចន្លោះប្រហោងនៅត្រង់ចំនុចមួយចំនួន ។

 

លោកគ្រូក៏បានបញ្ជាក់ទៀតថា៖ « ជាគោលដៅរួមរបស់ពួកយើងគឺយើងចង់ឈ្នះគ្រប់ការប្រកួតទាំងអស់ ហើយក៏ចង់ឲ្យអ្នកគាំទ្របាល់ទាត់កម្ពុជាងាកមកចូលរួមទស្សនាបាល់ទាត់ឡើងវិញ សម្រាប់ការប្រកួតម្សិលមិញនេះបញ្ជាក់ថាពួកគាត់កំពុងមានការចាប់អារម្មណ៍ឡើងវិញ ហើយខ្ញុំយល់ថានេះគឺជាការរួមចំណែកដ៏ធំមួយរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនក្នុងវិស័យបាល់ទាត់កម្ពុជា ។ ខ្ញុំសង្ឃឹមថាអ្នកគាំទ្របាល់ទាត់គ្រប់ក្លឹបទាំងអស់នឹងចូលរួមទស្សនាឲ្យបានច្រើនបន្តទៀត ទាំងលីគកំពូលនិងការប្រកួតជម្រើសជាតិ » ។

ចំពោះចំនុចខ្វះខាតរបស់ក្រុមដែលក្រុមត្រូវបំពេញបន្ថែមទៀតនោះលោកគ្រូស៊ុំ វណ្ណាបានពន្យល់ថា៖ « ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងបច្ចេកទេសរបស់ក្រុមខ្ញុំបានយល់ច្បាស់ពីកីឡាកររបស់យើងតាមរយៈការប្រកួតកាលពីម្សិលមិញនេះ ដោយខ្ញុំបានដឹងថាកីឡាកររបស់យើងខ្វះខាតលើការទំនាក់ទំនងគ្នាលើទីលាន ខ្វះបទពិសោធន៍នៅពេលដែលប៉ះជាមួយក្រុមខ្លាំង និងឆាប់រំជួលចិត្ត ។ ដូច្នេះខ្ញុំអាចវាស់ដឹងពីកម្រិតរបស់កីឡាករយើង ហើយអាចដាក់ពួកគាត់លេងទៅតាមកម្រិតរបស់គាត់ ដូចជាការប្រកួតជាមួយក្រុមខ្លាំងយើងត្រូវដាក់អ្នកណា និងប្រកួតជាមួយក្រុមល្មមៗដាក់កីឡាកររូបណា » ។ ជាចុងក្រោយលោកគ្រូក៏បានថ្លែងអំណរគុណដល់ក្រុមម្ចាស់ផ្ទះដែលបានរៀបចំបានល្អ និងជួយសម្រួលដល់ក្រុមភ្នំពេញក្រោនទាក់ទងទៅនឹងការរៀបចំការប្រកួតនេះ នេះបង្ហាញឲ្យឃើញពីទំនាក់ទំនងរវាងក្លឹបទាំងពីរ ៕

មតិយោបល់


អត្ថបទផ្សេងៗ