សួន នឿត បង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ក្រោយរ៉ាប់រងបានក្នុងតំណែងជាខ្សែការពារទាំងឆ្វេង និងស្តាំ

February 1, 2020 - 10:33 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅរដូវកាលថ្មីនេះកីឡាករ សួន នឿត បានត្រៀមខ្លួនត្រលប់មកចូលរួមជាមួយក្រុមវិញ ក្រោយរូបគេបង្ហាញខ្លួនតែ២ប្រកួតប៉ុណ្ណោះកាលពីរដូវកាលមុន ដោយសារតែមានរបួសក្នុងពេលហ្វឹកហាត់ ។ ជុំវិញនឹងការត្រលប់មកទីលានវិញនេះរូបគេត្រូវបានគ្រូបង្វឹក ស៊ុំ វណ្ណា កែប្រែមកលេងក្នុងតួនាទីជាខ្សែការពារទាំងឆ្វេង និងស្តាំ ពោលគឺគេអាចលេងបានទាំងពីរកន្លែងនេះតែម្តង ។ ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារភ្នំពេញក្រោនកីឡាកររូបនេះបានសម្តែងអារម្មណ៍យ៉ាងដូច្នេះថា៖ « ខ្ញុំសប្បាយចិត្តដែលបានចូលរួមលេងក្នុងទីលានសារជាថ្មី ហើយខ្ញុំក៏ពេញចិត្តក្នុងការដែលគ្រូដាក់ឲ្យខ្ញុំលេងជាខ្សែការពារដែរ បើទោះជាមានភាពលំបាកបន្តិចបន្តួចក្នុងការបត់បែនភ្លាមៗយ៉ាងណាក៏ដោយ » ។

ជុំវិញជាមួយនឹងការអភិវឌ្ឍន៍របស់ក្រុមកីឡាកររូបនេះបាននិយាយថា៖ « បន្ទាប់ពីការប្រកួតនៅប្រទេសថៃ និងការប្រកួតមិត្តភាពកំដៅសាច់ដុំនាពេលកន្លងមកនេះ ខ្ញុំឃើញក្រុមយើងមានភាពរីកចំរើនច្រើន ហើយនឹងប្លែកជាងឆ្នាំមុនព្រោះយើងមានកីឡាករដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នាច្រើន មានន័យថាអ្នកនៅបម្រុង និងអ្នក១១នាក់ដំបូងល្អដូចគ្នា ។ បើនិយាយពីកីឡាករបរទេសវិញក៏ប្រសើរជាងឆ្នាំមុនដែរ ព្រោះពួកគាត់មានបទពិសោធន៍ក្នុងលីគ និងមានសាមគ្គីភាពជាមួយមិត្តរួមក្រុមច្រើន ដូច្នេះខ្ញុំសង្ឃឹមថាពួកគាតនឹងជួយយើងបានច្រើន » ។

គួររំលឹកផងដែរថា សួន នឿត គឺជាកីឡាករដែលរើសចេញមកពីក្រុមថ្នាលភ្នំពេញក្រោន និងបានចូលរួមជាមួយក្រុមធំរយៈពេល៣ឆ្នាំមកហើយ ដែលរូបគេលេងនៅតំបន់ប្រយុទ្ធ និងថ្មីៗនេះត្រូវគ្រូបង្វឹកកែមកលេងនៅតំបន់ការពារវិញ ៕

មតិយោបល់


អត្ថបទផ្សេងៗ