ស៊ុំ​ វណ្ណា៖​«​កីឡាករមួយចំនួនមានបញ្ហាជាមួយការផ្តោតអារម្មណ៍នៃការប្រកួត»

September 16, 2019 - 11:12 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លោក ស៊ុំ វណ្ណា បាននិយាយក្នុងបទសម្ភាសន៍ក្រោយបញ្ចប់ការប្រកួត ភ្នំពេញក្រោន ២ទល់៣ គិរីវង់សុខសែនជ័យ ថាកីឡាករមួយចំនួនមានបញ្ហាជាមួយការផ្តោតអារម្មណ៍នៃការប្រកួត។

«យោងទៅតាមការសង្កេតរបស់យើង​ កីឡាករមួយចំនួនមានបញ្ហាជាមួយការផ្តោតអារម្មណ៍នៃការប្រកួត​ ហើយអ្នកខ្លះអាចលេងបាន១០០ភាគរយ» សម្តីលោក ស៊ុំ វណ្ណា។

សម្រាប់ការប្រកួតសប្តាហ៍ទី២២ នៃលីគកំពូលកម្ពុជា ភ្នំពេញក្រោន បានរបូតគ្រាប់បាល់ដល់ទៅ៣គ្រាប់ក្នុងវគ្គទី១ មុនពេលវាយបកតាមបានលទ្ធផល ៣ទល់២ នៅលើកីឡដ្ឋាន គិរីវង់ ស្ថិតក្នុងខេត្តតាកែវ។

លោក ស៊ុំ វណ្ណា បន្ថែមថា៖«យើងព្យាយាមអស់ពីសមត្ថភាពលេងជាមួយក្រុមមួយនេះ និងយើងក៏បានដឹងពីដំបូងថាក្រុមមួយនេះគឺល្អនាពេលបច្ចុប្បន្ន និងមិនងាយស្រួលក្នុងលេងជាមួយនោះទេ​អំពីការបង្ហាញរបស់ពួកគេ»។

«យើងបានប្តូរយុទ្ធសាស្ត្រប្រកួត៣លើកពេលលេងក្នុងវគ្គទី២ ដើម្បីយកឈ្នះពួកគេ ប៉ុន្តែចុងបញ្ចប់នៅតែមិនអាចជោគជ័យ។ យើងគ្រប់គ្រងបាល់បានច្រើនសម្រាប់វគ្គទី២ ប៉ុន្តែនៅតែមិនអាចរកគ្រាប់បានបន្ថែមទៀតសម្រាប់ឈ្នះ ខ្ញុំយល់ថាការប្រកួតនេះស្រដៀងគ្នាពេលយើងលេងជាមួយ សូលទីឡូអង្គរ នៅសៀមរាបដែរ»។

«យើងបានរៀបចំកីឡាករយើងសម្រាប់ជ័យជម្នះមិនមែនបរាជ័យក្នុងការប្រកួតនេះទេ ប៉ុន្តែនៅក្នុងបាល់ទាត់បើសិនជាអ្នកមានឱកាសច្រើនក្នុងការបង្កើតគ្រាប់បាល់ នោះអ្នកនឹងទទួលបានជោគជ័យ

ហើយសម្រាប់ពួកគេនៅថ្ងៃនេះគឺពូកគេមានឱកាសតិច និងរកគ្រាប់បាល់បាន​ដោយសារបញ្ហាកំហុសរបស់យើង។ កំហុសរបស់យើងកើតចេញមកពីការសម្រេចចិត្ត និងការប្រាស្រ័យទាក់ទងមិនសូវល្អរបស់កីឡាករក្នុងកំឡុងពេលប្រកួតនៃវគ្គទី១»៕

មតិយោបល់


អត្ថបទផ្សេងៗ