បច្ចុប្បន្នភាពជុំវិញនឹងបញ្ហារបួសជង្គង់របស់ សុខ សុវណ្ណ និងការយល់ឃើញនៅតំបន់ការពារកណ្តាល

June 2, 2020 - 12:53 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីធ្វើការវះកាត់ជង្គង់កាលពីចុងខែមីនាកន្លងមកនេះ កីឡាករសុខ សុវណ្ណមានសភាពគ្រាន់បើជាងមុនបន្តិចហើយ ពោលគឺរូបគេអាចធ្វើលំហាត់ប្រាណបានខ្លះៗហើយ ។ ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារក្លឹបភ្នំពេញក្រោនខ្សែការពារកណ្តាលរូបនេះបាននិយាយថា៖​ « ខ្ញុំតែងតែស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ព្រោះខ្ញុំចង់ជាឆាប់ៗនេះ ។ មកដល់ខែទីពីរនេះពេទ្យឲ្យខ្ញុំធ្វើលំហាត់ប្រាណបានខ្លះៗហើយ ដើម្បីយកសាច់ដុំមកវិញ បើតាមការកំណត់របស់គ្រូពេទ្យគឺប្រហែលជា៨ ទៅ៩ខែទើបលេងបាន១០០%វិញ » ។

ចំពោះការយល់ឃើញលើការលេងរបស់ខ្សែការពារកណ្តាលរបស់ភ្នំពេញក្រោនបច្ចុប្បន្ននេះវិញ កីឡាករដែលមានបទពិសោធន៍ច្រើនរូបនេះបានយល់ឃើញថា៖​ « ខ្ញុំសោកស្តាយដែលមិនបានចូលលេងក្នុងការប្រកួតកន្លងមក ប៉ុន្តែខ្ញុំមើលឃើញថាសាហ្វី និងបូរីសគឺធ្វើបានយ៉ាងល្អ ដូចយើងឃើញជាក់ស្តែងអញ្ចឹង យើងលេងជាមួយស្វាយរៀងដែលមានខ្សែប្រយុទ្ធល្អៗ យើងអាចបិទសូន្យបាន ដូច្នេះមិនសូវជាមានបញ្ហាចោទប៉ុន្មាននោះទេសម្រាប់ការប្រកួតជាមួយក្រុមដទៃនោះ » ។

តែទោះជាយ៉ាងណាក៏ដោយក៏ខ្សែការពាររូបនេះបានបន្ថែមថា៖ « តាមការមើលឃើញរបស់ខ្ញុំ ពួកគាត់ទាំងពីរនៅមានចំនុចខ្វះខាតមួយគឺការទំនាក់ទំនងគ្នា បើសិនជាគាត់កែប្រែចំនុចនេះបាននោះការពាររបស់យើងកាន់តែខ្លាំង » ។ គួររំលឹកផងដែរថាកីឡាករសុខ សុវណ្ណ មានបញ្ហារបួសជង្គង់ខាងឆ្វេងក្នុងកំឡុងការប្រកួតមិត្តភាពដើមរដូវកាលជាមួយក្រុមសូលទីឡូអង្គរ ដោយតម្រូវឲ្យរូបគេធ្វើការវះកាត់ ៕

មតិយោបល់


អត្ថបទផ្សេងៗ