សុខ បញ្ញា ត្រៀមខ្លួនជានិច្ចដើម្បីមានឱកាសបានលេង និងបង្ហាញសមត្ថភាពរបស់ខ្លួន

June 9, 2020 - 9:56 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លីគកំពូលកម្ពុជាគ្រោងនឹងត្រលប់មកវិញនៅដើមខែកក្កដាខាងមុខនេះហើយ ក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនបានធ្វើការត្រលប់មកហ្វឹកហាត់ជុំគ្នាសារជាថ្មីផងដែរ ។ ទង្ទឹមនឹងការត្រលប់មកជាថ្មីនេះ ខ្សែការពារស្តាំវ័យក្មេង សុខ បញ្ញា បានបង្ហាញអារម្មណ៍រីករាយ និងនៅតែប្រឹងប្រែងបន្តធ្វើការហ្វឹកហាត់ ដើម្បីស្វែងរកឱកាសបានលេងជាមួយក្រុមក្នុងការប្រកួតនាពេលខាងមុខនេះ ។

សុខ បញ្ញាបាននិយាយប្រាប់ពួកយើងថា៖ « យើងឃើញថាការប្រកួតនាពេលកន្លងមកគឺយើងចាប់ផ្តើមបានយ៉ាងល្អ អញ្ចឹងវាមិនមែនជារឿងងាយស្រួលនោះទេក្នុងការប្រកួតប្រជែងដើម្បីបានលេងនោះ ព្រោះកីឡាករម្នាក់ៗប្រឹងខ្លាំងណាស់ ។ សម្រាប់ខ្ញុំ ខ្ញុំនៅតែបន្តប្រឹងប្រែងបន្ថែមទៀត ខ្ញុំមិនបោះបង់វាចោលនោះទេ ខ្ញុំនឹងរង់ចាំនៅពេលដែលឱកាសបានមកដល់ » ។

ជុំវិញនឹងចំនុចនៃការខ្វះខាតរបស់ខ្លួនខ្សែការពារស្តាំរូបនេះបានបញ្ជាក់ថា៖ « ខ្ញុំមានចំនុចមួយចំនួនដែលត្រូវកែតម្រូវ ហើយរាល់ថ្ងៃនេះខ្ញុំកំពុងតែខំប្រឹងកែវា ។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែគោរពតាមការសម្រេចចិត្តរបស់គ្រូ អញ្ចឹងខ្ញុំនៅតែរង់ចាំឱកាសនៅពេលដែលគាត់ត្រូវការខ្ញុំ ឬពេលមិត្តរួមក្រុមយើងមានចន្លោះប្រហោងនៅចំនុចណាមួយនោះ ដូច្នេះខ្ញុំត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ជានិច្ចដើម្បីបង្ហាញចេញមក ក៏ដូចជាឲ្យគ្រូទុកចិត្តមកលើរូបខ្ញុំ » ។ សូមបញ្ជាក់ថា សុខ បញ្ញាគឺជាកីឡាករវ័យក្មេងមួយរូបរបស់ក្រុមសីង្ហក្រហមភ្នំពេញក្រោន ដែលត្រូវបានជ្រើសចេញពីថ្នាលភ្នំពេញក្រោនតាំងពីឆ្នាំ២០១៨មកម៉្លេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ