បទសំភាសន៍រវាងកីឡាករសុិន កក្កដា ក្រោយប្រកួតចប់ជាមួយក្រុមអគ្គិសនីកម្ពុជាកាលពីម្សិលមិញ

July 19, 2018 - 12:24 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមអគ្គិសនីកម្ពុជាដើម្បីឈានឡើងទៅវគ្គបន្តក្នុងពានរង្វាន់សម្តេចហ៊ុន សែននោះ កីឡាករ សុិន កក្កដា ដែលជាខ្សែបម្រើវ័យក្មេងបានសម្តែងអារម្មណ៍សប្បាយរីករាយក្នុងបទសំភាសន៍ក្រោយការប្រកួត ។ ខាងក្រោមនេះគឺជាបទសំភាសន៍រវាងក្រុមការងារយើងខ្ញុំជាមួយខ្សែបម្រើវ័យក្មេងរូបនេះ៖

សំណួរ៖ តើកក្កដាយល់ឃើញយ៉ាងណាចំពោះទម្រង់លេងរបស់ក្រុមក្នុងការប្រកួតនេះ?

កក្កដា៖ ក្រុមរបស់យើងលេងបានល្អ ពួកយើងខំហាត់ទាំងអស់គ្នា ហើយពួកយើងក៏បានឈ្នះទាំងអស់គ្នាដែរ ។

សំណួរ៖ បើយើងប្រៀបធៀបរវាងការប្រកួតថ្ងៃនេះ និងការប្រកួតនៅសប្តាហ៍មុនជាមួយក្រុមអគ្គិសនីកម្ពុជា តើកក្កដាយល់យ៉ាងណាដែរ?

កក្កដា៖ ចំពោះការលេងជើងទីមួយកីឡាកររបស់យើងមួយចំនួនមិនសូវបានលេងនោះទេ ដូចជាកីឡាករគីម ឆៃយ៉ា និងកីឡាករស្រាំង ទិត្យឈី ដូច្នេះពួកយើងធ្វើមិនសូវបានល្អនោះទេ ហើយចំពោះលើកនេះវិញជាលើកទីពីររបស់គាត់ ដូច្នេះគាត់ធ្វើបានល្អ ។

សំណួរ៖ ក្រោយពីទម្លាក់ក្រុមអគ្គិសនីកម្ពុជាដែលជាក្រុមខ្លាំងក្នុងពានរង្វាន់សម្តេចរួចមក តើក្រុមភ្នំពេញក្រោនមានឱកាសច្រើនដែរឬទេក្នុងការប្រជែងយកពាននេះ?

កក្កដា៖ ចំពោះកាសក្នុងការទៅយកពានរង្វាន់គឺពួកយើងមានច្រើន ដោយសារតែកីឡាករខ្មែរភាគច្រើនរបស់យើងគឺល្អ មានបច្ចេកទេសខ្ពស់ និងមានបទពិសោធន៍ច្រើន ។

សំណួរ៖ តើកក្កដាយល់ថាក្រុមណាខ្លះដែលជាឧបសគ្គរបស់ក្រុមភ្នំពេញក្រោនក្នុងពានរង្វាន់នេះ?

កក្កដា៖ ក្រុមដែលជាឧបសគ្គសម្រាប់ពួកយើងនោះគឺ ក្រុមណាហ្គា ក្រុមបឹងកេត និងក្រុមស្វាយរៀង ដោយសារតែពួកគេតែងតែមានកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្ររហូត ។

សំណួរ៖ តើកក្កដាមានការប្តេជ្ញាចិត្តយ៉ាងដូចម្តេចដែរចំពោះការប្រកួតពានរង្វាន់នេះ?

កក្កដា៖ ខ្ញុំរំពឹងថាពួកយើងនឹងធ្វើបាន ព្រោះពួកយើងខកខាតក្នុងការឡើងទៅកាន់ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រពីររដូវកាលទៅហើយ ។

សំណួរ៖ តើកក្កដាមានការរំពឹងខ្ពស់ក្នុងការប្រជែងយកស្បែកជើងមាសដែរឬទេ?

កក្កដា៖ ចំពោះការប្រជែងយកស្បែកជើងមាសគឺយើងគិតទៅលើការលេងជាក្រុមជាមុនសិន ថ្ងៃនេះខ្ញុំរកគ្រាប់បាល់បានពីរគ្រាប់ ខ្ញុំសូមអរគុណដល់មិត្តរួមក្រុមដែលជឿទុកចិត្តលើខ្ញុំ ហើយខ្ញុំនឹងខំប្រឹងប្រែងដើម្បីប្រជែងយកស្បែកជើងមាស ។

សូមបញ្ជាក់ថា សុិន កក្កដា គឺជាខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោនដែលត្រូវបានលោកគ្រូបង្វឹក Sean Sainsbury ទុកចិត្ត និងដាក់ឲ្យចូលលេងស្ទើរតែគ្រប់ការប្រកួតទាំងអស់នារដូវកាលឆ្នាំ២០១៨នេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ