Shane Booysen ៖ « យើងធ្វើការងារខ្លាំងទ្វេរដងសម្រាប់ការប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយ »

July 26, 2019 - 11:45 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

Shane Booysen និងមិត្តរួមក្រុមកំពុងតែធ្វើការហ្វឹកហាត់កាន់តែខ្លាំងបន្ថែមទៀតដើម្បីប្រកួតជាមួយក្រុមដែលមិនទាន់ស្គាល់ពាក្យថាចាញ់ ព្រះខ័នរាជស្វាយរៀង ដោយការប្រកួតគ្រោងនឹងចាប់ផ្តើមនាថ្ងៃអាទិត្យនេះ នៅកីឡដ្ឋាន Smart RSN ។ ក្រោយពីបរាជ័យក្នុងការប្រកួតកាលពីសប្តាហ៍មុន កីឡាកររូបនេះរៀបរាប់ថា៖ « យើងពិតជាខកចិត្តជាមួយនឹងលទ្ធផលកាលពីសប្តាហ៍មុន ហើយចំពោះការប្រកួតសប្តាហ៍នេះ យើងនឹងត្រូវប៉ះជាមួយក្រុមខ្លាំងមួយទៀត ខ្ញុំនឹងក្រុមកំពុងតែធ្វើការកាន់តែខ្លាំងជាងមុន ពោលគឺយើងត្រូវតែព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីការប្រកួតនេះ » ។

កីឡាករដែលមានបទពិសោធន៍ច្រើនជាមួយលីគកំពូលកម្ពុជារូបនេះបាននិយាយថា៖​ « យើងត្រូវតែគ្រប់គ្រងការប្រកួតនេះឲ្យដូចការប្រកួតផ្សេងៗដែរ ប៉ុន្តែយើងត្រូវតែកែប្រែចំនុចខ្វះខាតផ្សេងៗដែលយើងមាន ដើម្បីឲ្យការប្រកួតនេះកាន់តែល្អ ។ ចំពោះការប្រកួតជាមួយពួកគេកាលពីជើងទីមួយនោះគឺយើងចាញ់ជាមួយនឹងលទ្ធផលអាក្រក់មួយ ប៉ុន្តែពេលនេះក្រុមរបស់យើងកាន់តែរឹងមាំ និងមានការប្រកួតប្រជែងខ្ពស់ជាងមុន ដូច្នេះការប្រកួតនាចុងសប្តាហ៍នេះយើងលេងកាន់តែល្អជាងមុនចំពោះមុខអ្នកគាំទ្រទាំងអស់គ្នា » ។

ជុំវិញនឹងសំនួរដែលទាក់ទងជាមួយនឹងលទ្ធផលការប្រកួត Booysen បានបញ្ជាក់ថា៖ « យើងអាចលេងឲ្យបានល្អសម្រាប់ការប្រកួតនេះ ប៉ុន្តែចំពោះលទ្ធផលនៃការប្រកួតយើងសុទ្ធតែមិនអាចដឹងមុននោះទេ ព្រោះក្រុមទាំងពីរសុទ្ធតែជាក្រុមដែលមានគុណភាព ដូច្នេះវាអាចជាការប្រកួតមួយដែលមានភាពទាក់ទាញខ្លាំង ។ សម្រាប់ពួកយើងគឺមិនអាចឲ្យពួកគេមកយកពិន្ទុពីពួកយើងនៅក្នុងដីរបស់យើងដោយងាយៗនោះទេ ពួកយើងម្នាក់ៗត្រៀមខ្លួនរួចរាល់ហើយ យើងនឹងលេងប្រកបដោយគុណភាព ហើយមិនមានអ្វីរារាំងពួកយើងដូចគ្នា ដូច្នេះយើងនឹងអាចយកបានបីពិន្ទុសម្រាប់ការប្រកួតនេះ » ។

សូមបញ្ជាក់ថាការប្រកួតរវាងក្រុមភ្នំពេញក្រោននិងក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង និងធ្វើឡើងនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា វេលាម៉ោង៦ល្ងាច នៅកីឡដ្ឋាន Smart RSN នៃការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី១៧នេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ