ចំណាប់អារម្មណ៍របស់កីឡាករ សឿត បារាំង ក្រោយការប្រកួតកាលពីម្សិលមិញ

April 8, 2019 - 12:41 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ជុំវិញការប្រកួតជាមួយក្រុមវិសាខាកាលពីម្សិលមិញកីឡាករ សឿត បារាំងបានទទួលស្គាល់ថាក្រុមរបស់ខ្លួនពិតជាលេងមិនសូវបានល្អនោះទេ សម្រាប់ប៉ុន្មាននាទីដំបូងនៃវគ្គទីមួយ ដែលជាមូលហេតុធ្វើឲ្យក្រុមភ្ញៀវនាំមុខមុនដល់ទៅ២គ្រាប់ ។ កីឡាករខ្សែការពាររូននេះបាននិយាយថា៖ « សម្រាប់ខ្ញុំ ខ្ញុំគិតថាការការពារជាក្រុមរបស់យើងនៅវគ្គទីមួយនោះគឺមិនសូវបានល្អ ហើយពួកយើងបណ្តោយអោយគូប្រកួតលេងស្រួលពេក មួយវិញទៀតនោះគឺយើងលេងមិនដូចអ្វីដែលគ្រូចង់បាន » ។

កីឡាករដែលមានប្រភពមកពីខេត្តសៀមរាបរូបនេះបានបន្ថែមទៀតថា៖ « ចូលដល់វគ្គទីពីរបន្ទាប់ពីបានការណែនាំ និងជម្រុញទឹកចិត្តរបស់គ្រូ ពួកយើងចាប់ផ្តើមប្រមូលអារម្មណ៍បន្ថែមទៀត ដោយពួកយើងបានខំប្រឹងដាក់សម្ពាធទៅខាងគេដើម្បីរកជ័យជំនះ តែលទ្ធផលវាមិនដូចអ្វីដែលយើងរំពឹងទុកនោះទេ ។ ក្រុមរបស់យើងនៅមានចំនុចមួយចំនួនដែលត្រូវកែតម្រូវ ជាពិសេសនៅតំបន់ការពារ ពួកយើងនឹងខិតខំហ្វឹកហាត់ការការពារបន្ថែមទៀត ហើយសង្ឃឹមថាប្រកួតក្រោយៗពួកយើងនឹងធ្វើបានល្អ » ។

ជាចុងក្រោយបារាំងបានសម្តែងអារម្មណ៍សោកស្តាយទៅកាន់អ្នកគាំទ្រយ៉ាងដូច្នេះ៖ « ខ្ញុំសោកស្តាយណាស់សម្រាប់ការភ្លាត់នៅក្នុងដីរបស់យើងសម្រាប់ពីរប្រកួតនេះ ប៉ុន្តែពួកយើងមិនទាន់អស់ឱកាសក្នុងការប្រកួតប្រជែងនោះទេ យើងនឹងខិតខំបន្ថែមទៀតនៅប្រកួតក្រោយៗទៀត សូមអ្នកគាំទ្រទាំងអស់គាំទ្រពួកយើងបន្តទៀត » ៕

មតិយោបល់


អត្ថបទផ្សេងៗ