សឿត បារាំង៖ « ខ្ញុំមិនអាចរង់ចាំការប្រកួតនាសប្តាហ៍នេះមកដល់បានទេ​… »

July 6, 2019 - 6:55 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ខ្សែការពារស្លាប​​ សឿត បារាំង​​​​​​​​​​​​​​​​​ បានថ្លែងអំពីអារម្មណ៍សម្រាប់ការប្រកួតដ៏ធំ The Cambodian Classic Match​ រវាងក្លិប ភ្នំពេញក្រោន និងក្លិប បឹងកេត នាថ្ងៃអាទិត្យនេះ ដោយថា៖ «ខ្ញុំមិនអាចរង់ចាំការប្រកួតនាសប្តាហ៍នេះមកដល់បានទេ​ ព្រោះវាជាការប្រកួតដែលធំគ្រប់គ្នាតែងតែហៅថា The Cambodian Classic Match នៅស្រុកខ្មែរ ។ អ្នកគាំទ្រទាំងអស់កំពុងរង់ចាំ សម្រាប់ខ្ញុំវិញចង់អោយការប្រកួតមកដល់ឆាប់ៗ ព្រោះអីខ្ញុំពិតជាពុះកញ្ច្រោលចង់លេងឆាប់ៗ ដោយសារតែប្រកួតនេះគឺធំជាងគេ សំខាន់ជាងគេ នៅក្នុងលីគ ។ ឥលូវនេះខ្ញុំកំពុងប្រឹងហ្វឹកហាត់ទ្វេរដងដើម្បីទទួលបានលទ្ធផល ហើយពួកយើងក៏ស្រេកឃ្លានជ័យជម្នះបន្តបន្ទាប់ទៀត ព្រោះប៉ុន្មានកន្លងមកនេះយើងធ្វើបានល្អ។ ដូច្នេះការប្រកួតថ្ងៃអាទិត្យនេះសំខាន់ជាងរាល់ដងទៅទៀត ដោយយើងបានត្រៀមខ្លួនរួចជាស្រេច» ។

 ជាមួយគ្នាកីឡាករវ័យ១៩ឆ្នាំរូបនេះ ក៏បានបង្ហាញពីក្តីរំពឹងជ័យជម្នះនាសប្តាហ៍នេះដោយប្តេជ្ញាយក៣ពិន្ទុសម្រាប់ក្រុម និងអ្នកគាំទ្រឲ្យបាន ដោយរូបគេបានបញ្ជាក់ថា៖ «សម្រាប់ក្តីរំពឹងរបស់ខ្ញុំ និងក្រុមទាំងមូលសុទ្ធតែចង់ឈ្នះ គឺឈរលើគោលដៅតែមួយដើម្បីយកជ័យជម្នះជូនអ្នកគាំទ្រ និងក្រុម ។ មួយវិញទៀតយើងនឹងយកការលេងជាក្រុម សាមគ្គីគ្នា មកលេងនាសប្តាហ៍នេះ ។​ ដោយសារតែពួកយើងតែងធ្វើរាល់ថ្ងៃ រាល់ពេល និងរាល់ការប្រកួត ការងារជាក្រុម និងលេងជាក្រុម ដោយការសាមគ្គីសំខាន់ណាស់» ។

ត្រលប់ទៅកាលឆ្នាំ២០១៦ជាការប្រកួតចុងក្រោយរវាង សឿត បារាំង ជួប ចាន់ វឌ្ឍនាកា ដោយកាលនោះ បារាំង ធ្វើបានល្អដោយរារាំង ចាន់ វឌ្ឍនាកា ខណៈក៏បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនម្តងទៀតមិនអាចរង់ចាំបានក្នុងការជួបរូបគេម្តងទៀត ។ «សម្រាប់ខ្ញុំការប្រកួតលើកនេះគឺសំខាន់ជាងរាល់ដងទៅទៀត ដោយសារតែខ្ញុំខានលេងប៉ះជាមួយគាត់យូរហើយតាំងពីគាត់ទៅលេងនៅស្រុកក្រៅ ។ ហើយខ្ញុំនឹងប្តេជ្ញាចិត្តធ្វើអោយបានល្អរារាំងគាត់ម្តងទៀតដូចកាលពីឆ្នាំ២០១៦ ។ តែយ៉ាងណាគាត់ជាខ្សែប្រយុទ្ធដ៏ល្អជាងគេនៅស្រុកខ្មែរ ខ្ញុំតែងតែសរសើរគាត់ ហើយខ្ញុំនឹងព្យាយាមធ្វើអោយល្អជាងកាលពីឆ្នាំ២០១៦ » ៕

មតិយោបល់


អត្ថបទផ្សេងៗ