សឿត បារាំង៖ « យើងពិតជាស្តាយសម្រាប់ការប្រកួតមុន តែនៅថ្ងៃនេះយើងនឹងប្រឹងប្រែងបន្តទៀតដើម្បីកម្ពុជា… »

February 26, 2019 - 10:45 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃនេះក្រុមគៅព្រៃជំទង់កម្ពុជា និងត្រូវប៉ះជាមួយក្រុមវៀតណាម ដើម្បីស្វែងរកចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់ AFF U22 LG CUP 2019 ដែលការប្រកួតនឹងត្រូវរៀបចំឡើងនៅពហុកីឡដ្ឋានជាតិ នាម៉ោង៣:៣០ល្ងាច ។ កីឡាករខ្សែការពារវ័យក្មេងរបស់ក្រុមជម្រើសជាតិ សឿត បារាំង បានសម្តែងចំណាប់អារម្មណ៍ក្នុងការប្រកួតចុងក្រោយយ៉ាងដូច្នេះថា៖ « ពួកយើងពិតជាស្តាយខ្លាំងណាស់ដែលយើងមិនអាចឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែសម្រាប់ការប្រកួតថ្ងៃនេះខ្ញុំ និងមិត្តរួមក្រុមនឹងប្រឹងប្រែងយកចិត្ត យកបេះដូងរបស់ពួកយើងមកលេងដើម្បីកម្ពុជា » ។

បន្ថែមលើសពីនេះទៅទៀតបារាំងបានបន្តថា៖ « ខ្ញុំសូមអរគុណដល់អ្នកគាំទ្រកម្ពុជាខ្លាំងណាស់ ពួកគាត់ធ្វើឲ្យយើងមានកម្លាំងចិត្តលេង ហើយសម្រាប់ការប្រកួតចុងក្រោយនេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាមកចូលរួមគាំទ្រពួកយើងឲ្យបានច្រើនកុះករ និងនៅតែបន្តគាំទ្រពួកយើងជានិច្ច » ។

គួររំលឹកផងដែរក្រុមគោព្រៃជំទង់កម្ពុជាធ្វើបានយ៉ាងល្អក្នុងការប្រកួតកន្លងមកសម្រាប់ព្រឹត្តការណ៍ AFF U22 LG CUP 2019 ដោយប្រកួតឈ្នះក្រុមម៉ាឡេស៊ី ១-០ ប្រកួតឈ្នះក្រុមមីយ៉ាន់ម៉ា ២-០ ប្រកួតចាញ់ក្រុមឥណ្ឌូនេស៊ី ២-០ និងចុងក្រោយចាញ់ក្រុមជម្រើសជាតិថៃយ៉ាងស្វិតស្វាញក្នុងវគ្គបាល់កាត់សេចក្តី១១ម៉ែត្រ ។ សម្រាប់ការប្រកួតនៅល្ងាចនេះក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរក្រុមជម្រើសជាតិកម្ពុជា ឲ្យទទួលជ័យជំនះលើក្រុមវៀតណាម ៕

មតិយោបល់


អត្ថបទផ្សេងៗ