លោក Sean Sainbury៖ យើងមានកីឡាករល្អៗច្រើនសម្រាប់ពានរង្វាន់សម្តេចហ៊ុន សែន!

July 20, 2018 - 10:44 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីដឹកនាំក្រុមភ្នំពេញក្រោនឈ្នះទាំងពីរលើកទៅលើក្រុមអគ្គិសនីកម្ពុជា ក្នុងពានរង្វាន់សម្តេចហ៊ុន សែនរួចមក លោក Sean Sainbury ដែលជាគ្រូ​​បង្វឹក​បានបញ្ចេញមតិយោបល់វិជ្ជមានមួយចំនួនទៅកាន់កូនក្រុមរបស់ខ្លួន ដោយលោកបានយល់ឃើញថា៖ «ពួកយើងមានកីឡាករក្មេងៗច្រើន ពួកគេមានទេពកោសល្យល្អ ហើយខ្ញុំគិតថាលទ្ធផលនៅថ្ងៃនេះ គឺវាបង្ហាញពីអ្វីដែលក្លឹបបានធ្វើ តាំងពីគ្រូបង្វឹកក្រុមយុវជនថ្នាល ហើយពួកគេបានធ្វើការងារបានយ៉ាងល្អ» ។

គ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះបានបន្ថែមថា «ចំពោះពានរង្វាន់សម្តេចហ៊ុន សែន ដែលតម្រូវឲ្យលេងតែកីឡាករខ្មែរសុទ្ធនោះ គឺខ្ញុំយល់ថា កីឡាករខ្មែររបស់ក្រុមដ៏ទៃក៏មានគុណភាពដែរ តែយើងមានក្រុមមួយដែលល្អច្រើនជាងពួកគេទៅទៀត ដូចដែលអ្នកបានឃើញថាកីឡាករជម្រើសជាតិ អុិន សូដាវីដ អង្គុយបម្រុង ដូច្នេះមានន័យថាយើងមានកីឡាករល្អៗច្រើនសម្រាប់ពានរង្វាន់មួយនេះ» ។

សូមបញ្ជាក់ផងដែរថា ឆ្លងកាត់ការប្រកួតក្នុងពានរង្វាន់សម្តេចទាំងពីរលើកជាមួយក្រុមអគ្គិសនីកម្ពុជា ក្រុមភ្នំពេញក្រោនធ្វើការងារបានយ៉ាងល្អ គឺក្នុងការប្រកួតនាជើងទីមួយនោះ ភ្នំពេញក្រោនបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានអគ្គិសនី និងជើងទីពីរក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមអគ្គិសនីក្នុងលទ្ធផល ៤-០ នៅដីរបស់ខ្លួនផ្ទាល់តែម្តង ៕ 

មតិយោបល់


អត្ថបទផ្សេងៗ