លោក Sean Sainbury បកស្រាយចម្ងល់មួយចំនួនទាក់ទងនឹងកីឡាករ ប្រាក់ ធីវ៉ា

June 5, 2018 - 3:28 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ថ្មីៗនេះយើងសង្កេតឃើញថាកីឡាករ ប្រាក់ ធីវ៉ា ដែលជាខ្សែបម្រើប្រយុទ្ធរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ហាក់ដូចជាស្ងប់ស្ងាត់បន្តិចក្នុងការលេងជាជម្រើសដំបូង ក៏ប៉ុន្តែបើទោះបីជាមិនបានលេងជាកីឡាករជម្រើស​១១នាក់ក៏ពិតមែនក៏កីឡាករវ័យក្មេងរូបនេះមានឱកាសក្នុងលេងនៅចុងវគ្គទីពីរក្នុងប៉ុន្មានប្រកួតចុងក្រោយនេះផងដែរ ។

លោក Sean Sainbury ដែលជាគ្រូបង្គោលរបស់ក្រុមភ្នំពេញក្រោនបានលើកឡើងថា៖ «ធីវ៉ា ធ្វើការហ្វឹកហាត់បានយ៉ាងល្អ រូបគេនៅតែជាកីឡាករល្អ ហើយខ្ញុំគិតថាគាត់មិនបានធ្លាក់ពីការលេងជាជម្រើសដំបូងនោះទេ ព្រោះបើសិនជាយើងងាកទៅមើលការប្រកួតមិត្តភាពទាំងពីរប្រកួតចុងក្រោយ ជាមួយបឹងកេត និងវិសាខា គាត់បានទាត់បញ្ចូលទីទាំងពីរការប្រកួត ជាក់ស្តែងដូចជាការប្រកួតជាមួយក្រុមបឹងកេត គាត់រកបានគ្រាប់បាល់ជ័យជម្នះហើយជាមួយវិសាខា គឺគេជាអ្នករកបានគ្រាប់បាល់តាមស្មើរ ដូច្នេះសម្រាប់ខ្ញុំ ធីវ៉ា នៅតែជាជម្រើសដ៏ល្អសម្រាប់ក្រុម» ។

 

គ្រូបង្វឹកកម្រិត UEFA ‘A’ License រូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំយល់ថាអ្នកគាំទ្រទាំងអស់ចង់ឲ្យគេចូលលេងបានច្រើន ប៉ុន្តែគួរតែយល់ដែលថា យើងមានខ្សែបម្រើប្រយុទ្ធក្មេងៗល្អជាច្រើននាក់ ដូច្នេះយើងត្រូវផ្តល់ឱកាសដល់ពួកគេដូចៗគ្នាដើម្បីធានាថាទម្រង់លេងរបស់ពួកគេល្អ និងរឹងមាំសម្រាប់ការប្រកួតជាបន្តបន្ទាប់ទៀត» ៕

មតិយោបល់


អត្ថបទផ្សេងៗ