ឯកឧត្តម សៅ សុខា គាំទ្រសកម្មភាពផ្សារភ្ជាប់វិស័យបាល់ទាត់ និងសង្គមរបស់ក្លឹបភ្នំពេញក្រោន

December 3, 2018 - 5:39 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្នុងកំឡុងអញ្ជើញចូលរួមប្រគល់ថវិកាចំនួន ២សែនដុល្លារជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផានាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាបានមានប្រសាសន៍គាំទ្រពេញទំហឹង ចំពោះសកម្មភាពរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលមិនត្រឹមតែផ្ដល់ឱកាស និងបណ្ដុះបណ្ដាលយុវជនជាច្រើន ក្នុងវិស័យបាល់ទាត់នោះទេ ថែមទាំងស្វែងរកថវិកាសប្បុរសធម៌ សម្រាប់ការងារសង្គម ជាក់ស្ដែងការបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ឋាខាងលើ ឯកឧត្តមបានកោតសរសើរ នឹងចាត់ទុកជាសកម្មភាពគំរូដ៏ល្អមួយ សម្រាប់ក្រុមហ៊ុនវិនិយោគផ្សេងៗ អនុវត្តតាម ហើយឯកឧត្តមក៏គាំទ្រឲ្យបន្ដសកម្មភាពនេះជារៀងរហូតផងដែរ ។


ទន្ទឹមនឹងនេះ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនបានថ្លែងថា៖ «ថ្ងៃនេះ ដោយទទួលបានការណែនាំពីឯកឧត្តម សៅ សុខា យើងបាននាំថវិកាចំនួន ២០ម៉ឺនដុល្លារបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ឋារ ដោយមានការចូលរួមពីក្រុមហ៊ុនមកវិនិយោគចិន នៅស្រុកខ្មែរ ដើម្បីរួមចំណែកជួយដល់សង្គម និងកុមារកម្ពុជា ។ ពេទ្យគន្ធបុប្ឋា កំពុងខ្វះខាតក្នុងការចំណាយ ដើម្បីព្យាបាលដល់កុមារនាពេលបច្ចុប្បន្ន ចឹងយើងសង្ឃឹមថា យើងនឹងខិតខំធ្វើអំពើមនុស្សធម៌នេះ ក្នុងសកម្មភាពបាល់ទាត់ផង នៅឆ្នាំក្រោយ យើងនឹងបន្ដស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ឋាបន្ថែមទៀត»។


គួរបញ្ជាក់ថា នេះគឺជាលើកទី៤ ហើយ ដែលលោកឧកញ៉ា ឬទ្ធី សំណាង បាននាំថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា ដោយសរុបមានចំនួន ជាង ៣៤មុឺនដុល្លារហើយ យ៉ាងណាក៏ដោយ លោកបានប្ដេជ្ញានឹងព្យាយាមស្វែងរកថវិការួមចំណែកជួយមន្ទីរពេទ្យគន្ធបុប្ឋាជារៀងរាល់ឆ្នាំ ទោះបីតិចក្ដី ឬច្រើនក្ដី ។ លើសពីនេះ លោកឧកញ៉ា បានអំពាវនាវសប្បុរសជន និងអ្នកមានធនធាន ចូលរួមចំណែក ដើម្បីជួយដល់កុមារ តាមរយៈមន្ទីរពេទ្យគន្ធបុប្ឋា ព្រោះការព្យាបាលនៅទីនេះ មិនមានការយកថវិកានោះទេ ។ តែដោយសារការខ្វះខាតរបស់មន្ទីរពេទ្យ ទើបលោកបានអំពាវនាវឲ្យចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិកាន់តែរីកចម្រើន ៕

មតិយោបល់


អត្ថបទផ្សេងៗ