យ៊ើ សាហ្វី បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្រោយពីការបោះជំរំនៅប្រទេសថៃ

January 31, 2019 - 10:08 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែការពារវ័យក្មេង យ៊ើ សាហ្វី ដែលត្រូវបានលោកគ្រូបង្វឹក Leonardo ទុកចិត្តដាក់ចូលលេងច្រើនក្នុងការប្រកួតមិត្តភាពនៅប្រទេសថៃក្នុងពេលថ្មីៗនេះបានបង្ហាញថា ខ្លួនពិតជារៀនសូត្របានច្រើនណាស់សម្រាប់ការប្រកួតប្រជែងនាពេលកន្លងមកនេះ ។ ក្រោយពីត្រឡប់មកពីប្រទេសថៃវីញសាហ្វីបាននិយាយថា៖ « ក្រុមរបស់យើងទាំងមូលទទួលបានបទពិសោធន៏ថ្មីៗជាច្រើនបន្ទាប់ពីបានប្រកួតអន្តរជាតិជាមួយក្រុមល្អៗ មានគុណភាពនៅក្នុងប្រទេសថៃ ដែលធ្វើអោយកម្រិតប្រកួតប្រជែងនៅក្នុងទីលានខ្លាំងក្លា ។ ឆ្លងកាត់ការប្រកួតប្រជែងទាំងអស់នេះហើយបានធ្វើអោយពួលយើងស្គាល់ពីចំណុចខ្វះខាតរបស់ក្រុម និងបុគ្គលម្នាក់ៗដើម្បីត្រៀមខ្លួនអោយបានល្អសម្រាប់លីគកំពូលកម្ពុជានាពេលខាងមុខ » ។

ឆ្លើយតបទៅនឹងមតិរិះគន់មួយចំនួនមកលើខ្លួនទាក់ទងទៅនឹងទម្រង់លេងនោះ សាហ្វីបានបញ្ជាក់ថា៖ « ខ្ញុំបានឃើញនូវការរិះគន់របស់ពួកគាត់ដែរ ហើយខ្ញុំយល់ថាខ្ញុំខ្លួនឯងផ្ទាល់នូវមានចំនុចខ្វះខាតទាក់ទងទៅនឹងភាពឆ្លាតវៃនៅលើទីលាន និងកាយសម្បទា ហើយខ្ញុំប្តេជ្ញាថានឹងកែប្រែឲ្យបានល្អនៅចំនុចទាំងនេះ » ។

សូមបញ្ជាក់ថាថ្មីៗនេះកីឡាករ  យ៊ើ សាហ្វី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកោះហៅឲ្យចូលរួមធ្វើការហ្វឹកហាត់ក្នុងដំណាក់កាលទីមួយ ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ AFF U22 Championship 2019 ដែលនឹងរៀបចំនៅប្រទេសកម្ពុជាយើងផ្ទាល់តែម្តង ៕

មតិយោបល់


អត្ថបទផ្សេងៗ