ការត្រៀមខ្លួនរបស់យ៊ើ សាហ្វី សម្រាប់ជម្រើសជាតិកម្ពុជា

October 1, 2019 - 2:59 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នេះជាលើកទីបួនហើយដែលកីឡាករវ័យក្មេង យ៊ើ សាហ្វី ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិកោះហៅឲ្យចូលរួម ហើយរូបគេបានបង្ហាញអារម្មណ៍រំភើបជាខ្លាំងដែលទទួលបានការផ្តល់ឱកាសនេះ ព្រោះរូបគេជាកីឡាករវ័យក្មេងមួយរូបក្នុងចំណោមកីឡាករនានាក្នុងក្រុមផងដែរ ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោនរូបគេបាននិយាយថា៖ « ខ្ញុំពិតជាមានមោទកភាពណាស់ដែលខ្ញុំបានក្លាយជាចំណែកមួយនៃក្រុមជម្រើសជាតិកម្ពុជាសារជាថ្មីម្តងទៀត ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់សម្រាប់ការផ្តល់ឱកាសក្នុងការបង្ហាញខ្លួនជាមួយក្រុមតំណាងឲ្យជាតិ » ។

ជុំវិញនឹងការត្រៀមខ្លួនកីឡាកររូបនេះបានបន្ថែមថា៖ « ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ដោយខ្ញុំនឹងត្រូវព្យាយាមហ្វឹកហាត់ទាំងក្នុងទីលាន និងក្រៅទីលាន ហើយលើសពីនេះទៅទៀតខ្ញុំក៏ត្រូវតែគោរពវិន័យតាមអ្វីដែលគ្រូបានដាក់ឲ្យផងដែរ ។ មួយវិញទៀតទោះបីជាខ្ញុំបានលេង ឬមិនបានលេងក៏ដោយក៏ខ្ញុំនៅដែលពេញចិត្តព្រោះខ្ញុំបានជ្រើសរើសតំណាងឲ្យជាតិ បន្ទាប់មកខ្ញុំត្រូវតែព្យាយាមហ្វឹកហាត់បន្ថែមទៀតដើម្បីបានលេង ហើយមួយវិញទៀតខ្ញុំនៅក្មេង ដូច្នេះខ្ញុំត្រូវការពេលវេលានិងបទពិសោធន៍បន្ថែមទៀតផងដែរ » ។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងត្រូវបន្តប្រកួតជម្រុះជុំទី២នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ក្នុងជំនួបទី៣, ទី៤ ទល់នឹងអ៊ីរ៉ាក់ ក៏ដូចជា អ៊ីរ៉ង់​ នឹងចាប់ផ្ដើមធ្វើការហ្វឹកហាត់ជាផ្លូវការនៅល្ងាចនេះតែម្តង៕

មតិយោបល់


អត្ថបទផ្សេងៗ